អ្នកស្លាប់កើនឡើងដល់១៦នាក់របួស២៤នាក់ដោយរថយន្តដឹកអ្នកដំណើរឯកជនមួយគ្រឿងបើកបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹកនៅស្រុកសន្ទុកខេត្តកំពង់ធំ, អភិបាលខេត្តចុះដល់កន្លែង
កំពង់ធំ៖ករណីរថយន្តក្រុងដឹកអ្នកដំណើរឯកជន ដែលបានបើកបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹក នៅចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ, អ្នកស្លាប់បានកើនឡើងដល់ ១៦នាក់ និងរបួស ២៤នាក់ សរុបអ្នកជិះលើរថយន្តមាន ៤០នាក់។ នេះបើយោងតាមលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរខាងលើឯកឧត្ដមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនិងសហការិបានចុះទៅដល់កន្លែងកើយហេតុដើម្បីដឹកនាំការដោះស្រាយបន្ទាន់ក្នុងការជួយសង្គ្រោះអ្នករងរបួសនិងចាត់ចែងទុកដាក់សពជនរងគ្រោះបណ្ដោះអាសន្នផងដែរ។
សូមបញ្ជាក់ដែរថា រថយន្ដក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿង ផ្ទុកមនុស្សពេញ បានក្រឡាប់ធ្លាក់ចូលទឹកនៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ផ្អែកតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូង គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកស្ថិតក្នុងស្ថានភាពងងុយដេក។
ដោយឡែក សាកសពក្រោយស្រង់ពីទឹកសមត្ថកិច្ចបានយកទៅតម្កល់នៅវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ និងក្រុមគ្រួសារ៕
