ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

FBI បញ្ជាក់ថាមិនមានមន្រ្តី FBI ចូលរួមទស្សនកិច្ចដឹកនាំដោយប្រធានចារកម្មកងទ័ពថៃនៅតំបន់អូរស្មាច់លើទឹកដីកម្ពុជាដូចសារព័ត៌មានថៃចុះផ្សាយឡើយ

62

ភ្នំពេញ៖តំណាង FBI របស់សហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់មន្រ្តីជាន់ខ្ពស់កម្ពុជាថា មិនមានមន្រ្តី FBI ណាម្នាក់ បានចូលរួមក្នុងទស្សនកិច្ច ដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅតំបន់អូរស្មាច់ ប្រទេសកម្ពុជា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ដូចសារព័ត៌មានថៃចុះផ្សាយឡើយ។ តំណាង FBI បានចាត់ទុកថា ការផ្សព្វផ្សាយរបស់ថៃទាំងនោះជាការផ្សព្វផ្សាយមិនពិតឡើយ។

កាលទី២ ខែកុម្ភៈ សារព័ត៌មានថៃមួយចំនួនបានផ្សាយថា ប្រធានចារកម្មយោធាថៃ បានដឹកនាំអនុព័ន្ធយោធាបរទេសមកពីប្រទេសចំនួន២០ និងមន្ត្រី FBI សហរដ្ឋអាមេរិក ដើម្បីត្រួតពិនិត្យមូលដ្ឋាននៅសណ្ឋាគារពីរកន្លែង ស្ថិតនៅក្នុងច្រកទ្វារអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា។ 

ទោះជាយ៉ាង នេះក្តី ក្រសួងការបរទេសកម្ពុជា បានចេញលិខិតធ្វើការតវ៉ាយ៉ាងខ្លាំងជាផ្លូវការផងដែរ ប្រឆាំងនឹងទស្សនកិច្ចលើទឹកដីកម្ពុជានេះ។ ក្រសួងការបរទេស បានលើកឡើងថា ទស្សនកិច្ចពិនិត្យទីតាំងនេះ ត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ 

សណ្ឋាគារ និងទីតាំង ដែលត្រូវបានធ្វើទស្សនកិច្ចត្រួតពិនិត្យនោះ ស្ថិតនៅចម្ងាយ ៣៩៧ម៉ែត្រ ពីច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតនៅក្បែរ បង្គោលព្រំដែនលេខ១៥។ តំបន់នេះត្រូវបានគ្រប់គ្រងដោយប្រើកម្លាំង និងកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេមកលើកម្ពុជា ចន្លោះពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។

កម្ពុជាបដិសេធ និងជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការ ដែលធ្វើឡើងដោយកងកម្លាំង យោធាថៃ រួមទាំងការអនុវត្តអធិបតេយ្យរបស់ថៃដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចដូចដែលបានរៀបរាប់ខាងលើ ដែលជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់ នូវការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង