ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំកំពូលកម្ពុជា-ឡាវប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយដើម្បីបំផ្លាញសន្តិសុខស្ថិរភាពឬអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ

83

ភ្នំពេញ៖ថ្នាក់ដឹកនាំកំពូលកម្ពុជា-ឡាវ ប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លាញសន្តិសុខ ស្ថិរភាព ឬអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។

តាមប្រភពដដែលបានឱ្យដឹងថា ក្នុងបរិបទដែលសភាពការណ៍តំបន់ និងពិភពលោកកំពុងវិវត្តយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែកក់ក្តៅ និងជិតស្និទ្ធថែមទៀត និងប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លាញសន្តិសុខ ស្ថិរភាព ឬអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ ស្របតាមស្មារតី មិត្តភាពជាប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ និងទំនាក់ទំនងជាបងប្អូនយូរអង្វែងរវាងកម្ពុជា និងឡាវ ដើម្បីវិបុលភាពរួម ។

ថ្នាក់ដឹកនាំទាំងពីរ បានកោតសរសើរចំពោះកិច្ចសហការ និងការរក្សាបានសន្តិសុខតាមព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន សំដៅធ្វើឱ្យព្រំដែនយើងមានសុខសន្តិភាព និងបានឯកភាពបង្កើន និងពង្រឹងទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរតាម រយៈការផ្លាស់ប្តូរនទពិសោធន៍ ដើម្បីចូលរួមចំណែកឆ្លើយតបទៅនឹងតម្រូវការក្នុងបរិបទបច្ចុប្បន្ន ព្រមទាំងពង្រឹងយន្តការយោធាក្នុង ក្របខ័ណ្ឌបីប្រទេសកម្ពុជា-ឡាវ-វៀតណាម ។

ថ្នាក់ដឹកនាំទាំងពីរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការសម្រេចបានការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនបាន៨៦% និងបានឯកភាព រួមគ្នាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ប្រមាណ១៤% ដើម្បីប្រែក្លាយតំបន់ព្រំដែនជាព្រំដែនមិត្តភាព សន្ដិភាព  កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ផលប្រយោជន៍នៃប្រជាជនទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង