ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជាវៀតណាមឡាវជាគំរូមួយសម្រាប់ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

68

ភ្នំពេញ៖អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម សួស យ៉ារ៉ា បានឱ្យដឹងថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា វៀតណាម ឡាវ ដែលដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយគ្មានការប្រើប្រាស់កម្លាំង គឺជាគំរូមួយសម្រាប់ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។

ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្ដមសួស យ៉ារ៉ា និងឯកឧត្ដម ជា ធីរិទ្ធ ធ្វើសន្និសីទសារព័ត៌មានស្ដីពី៖ លទ្ធផលរួមនៃកិច្ចប្រជុំទ្វេភាគី និងត្រីភាគី ថ្នាក់ដឹកនាំកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្ដមបានបញ្ជាក់ថា «នៅក្នុងសន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧ ដែលហៅថា សន្ធិសញ្ញាបារាំងសៀម ឬអនុសញ្ញាហ្នឹង គឺជាចំណុចពិសេសមួយ ដែលយើងប្រើប្រាស់មិនមែនតែកម្ពុជាទេ ព្រំដែនជាមួយឡាវក៏ប្រើប្រាស់សន្ធិសញ្ញានេះដែរ ដូច្នេះការដែលថ្នាក់ដឹកនាំទាំង៣ (កម្ពុជា-ឡាវ-វៀតណាម) ឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែន ការវាស់ព្រំដែនសេសសល់ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិនេះ គឺជាគំរូមួយដែលប្រទេសថៃ ព្រោះប្រទេសទាំងពីរទោះបីជាខឹងគ្នាឈ្លោះគ្នាយ៉ាងណា ក៏មិនអាចលើកប្រទេសទៅណាបានដែរ ត្រូវតែនៅជិតគ្នារហូត អញ្ចឹងត្រូវមើលទៅគំរូនៃកម្ពុជា វៀតណាម ឡាវដែលដោះស្រាយបញ្ហាដោយសន្តិវិធីហើយធ្វើការដោះស្រាយតាមបច្ចេកទេស ដោះស្រាយដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ដោះស្រាយនៅលើផែនទី និងយន្តការដែលមានស្រាប់ អ្វីដែលយើងធ្វើនេះគឺជាគំរូល្អមួយអញ្ចឹងប្រជាជនលោករីករាយ»។ 

បើតាមឯកឧត្ដម សួស យ៉ារ៉ា ទោះបីជាមានការរំជើបរំជួលនូវសណ្តាប់ធ្នាប់ពិភពលោក ខ្លះក៏ដោយ ក៏មិនមានប្រទេសណាមួយបានដកខ្លួនពីច្បាប់អន្តរជាតិនោះឡើយ។ 

ឯកឧត្ដមបានបន្ថែមថា ការឯកភាពគ្នារវាងថ្នាក់ដឹកនាំទាំងបី កម្ពុជា ឡាវ និងវៀតណាម ក៏ជាការបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋថា ថ្នាក់ដឹកនាំប្រទេសទាំង៣ កម្ពុជា ឡាវ និងវៀតណាម មិនយកកម្លាំងដើម្បីដោះស្រាយបញ្ហាព្រំដែននោះទេ ដើម្បីភាពរីករាយរបស់ពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង