ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ឡាវ-វៀតណាមយល់ឃើញដូចគ្នាចំពោះការដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាពនិងតាមច្បាប់អន្តរជាតិដើម្បីបញ្ចប់កុំឱ្យុបង្កបញ្ហាដល់កូនចៅជំនាន់ក្រោយៗ

69

ភ្នំពេញកម្ពុជា-ឡាវ-វៀតណាម បានយល់ឃើញដូចគ្នាចំពោះការដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាព និងតាមច្បាប់អន្តរជាតិ ដើម្បីបញ្ចប់ កុំឱ្យុបង្កបញ្ហាដល់កូនចៅជំនាន់ក្រោយៗ។ នេះបើតាមឯកឧត្ដមសួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

ឯកឧត្ដមបានបន្តថា សន្ធិសញ្ញា ១៩០៤ និង ១៩០៧ ឬសន្ធិសញ្ញាបារាំង-សៀម ជាចំណុចពិសេសមួយ ដែលយើងប្រើប្រាស់មែនតែព្រំដែនកម្ពុជាទេ ព្រំដែនឡាវ ក៏ប្រើប្រាស់សន្ធិសញ្ញានេះដែរ។ ការណ៍ដែលភាគីទាំងបី ប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិនេះ គឺជាគំរូមួយ ដែលប្រទេសថៃគួរយកតាម ព្រោះប្រទេសទាំងពីរទោះបីខឹងគ្នាយ៉ាងណា ក៏មិនអាចលើកព្រំដែនទៅណាបានដែរ ត្រូវតែនៅជិតគ្នារហូត។ 

ឯកឧត្ដម សួស យ៉ារ៉ា បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលលោកអញ្ជើញធ្វើសន្និសីទសារព័ត៌មានស្ដីពី៖ លទ្ធផលរួមនៃកិច្ចប្រជុំទ្វេភាគី និងត្រីភាគី ថ្នាក់ដឹកនាំកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ។

ឯកឧត្ដម សួស យ៉ារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «អីចឹងទេ មើលតែគំរូនៃកម្ពុជា ឡាវ វៀតណាម ដែលដោះស្រាយបញ្ហា ដោយសន្តិវិធី ដោះស្រាយបញ្ហាតាមបច្ចេកទេស ដោះស្រាយដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ដោះស្រាយតាមផែនទី និងយន្តការដែលមានស្រាប់។ អ្វីដែលយើងធ្វើនេះ ជាគំរូដែលល្អមួយ។ អីចឹងប្រជាជនរីករាយ ដែលមាន បីប្រទេសល្អនឹងគ្នាហើយ ម៉េចបានប្រទេសហ្នឹងខុសគេនេះយើងទុកឲ្យស្ថាប័នកម្រិតខ្ពស់ជាងយើងទៀតនិយាយទៅ យើងមានគ្រួសារអាស៊ាន យើងមានអង្គការសហប្រជាជាតិ យើងមានក្រុមប្រឹក្សាសន្តិសុខ។ ទោះបីមានបញ្ហារំជើបរំជួលនៃសណ្តាប់ធ្នាប់ពិភពលោកយ៉ាងណាក៏ដោយ តែអ្នកណាក៏ដោយក៏មិនអាចថយចេញពីច្បាប់នេះដែរ»។ 

ឯកឧត្ដម បានបន្តថា «អីចឹងចំណុចនេះ ចង់ជូនសារទៅប្រជាជនយើងថា ភាពរីករាយរបស់យើង គឺថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងបីឯកភាពគ្នា យកការដោះស្រាយដោយសន្តិវិធី ហើយមិនប្រើប្រាស់កម្លាំងក្នុងការគំរាមជម្លោះព្រំដែននោះទេ។ អីចឹង ចំណុចនេះ ជាចំណុចពិសេសមួយ ដែលគ្រួសារ មានកូន៤នាក់ បើមានកូន១ រប៉ិលរប៉ូចជាងគេ មិនដឹងធ្វើម៉េចទេ ហេតុនេះមនុស្សលើពិភពលោកគេគិត អ្នកការទូតគេគិត និងច្បាប់អន្តរជាតិក៏គិតដែរ»

សូមជម្រាបថា សម្រាប់ព្រំដែនកម្ពុជា-ឡាវ ភាគីទាំងពីរបានបោះបង្គោលព្រំដែនបាន១២១ លើចំនួនសរុប ១៤៥បង្គោល មានប្រវែង ៤៦៤,៥ គីឡូម៉ែត្រ លើ ៥៤០គីឡូម៉ែត្រ ដែលស្មើនឹង ៨៦% នៃព្រំដែនសរុប។

ព្រំដែនកម្ពុជា-វៀតណាម គិតត្រឹមឆ្នាំ២០២៦ ភាគីទាំងពីរបានឯកភាពលើខ្សែព្រំដែនចំនួន ៨៤% និងបានបោះបង្គោលធំចំនួន ៣១៤បង្គោល ក្នុងចំណោម ៣៧៥បង្គោល នៅលើផ្ទៃដីជាក់ស្តែង ហើយនៅសល់ ១៦% កំពុងបន្តចរចាដោះស្រាយ។

ប្រទេសកម្ពុជានិងថៃមានព្រំដែនជាប់គ្នាប្រវែងជាង ៨០០ គីឡូម៉ែត្រ ចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ ខណៈការចរចា និងការវាស់វែងត្រូវបានពន្យារពេល ដោយសារថៃប្រើកម្លាំងដើម្បីឈ្លានពានកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង