ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវចុះអន្តរាគមន៌ពន្លត់អគ្គីភ័យឆេះផ្ទះលក់គ្រឿងក្រអូបមួយកន្លែងនាទាបភ្លឺនៅខណ្ឌឫស្សីកែវ

69

ភ្នំពេញ៖នៅម៉ោង៥ទៀបភ្លឺ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះមានករណីអគ្គីភ័យឆាបឆេះផ្ទះជួលលក់គ្រឿងក្រអូបមួយកន្លែងនៅ(ផ្សារសុភមង្គល)តាមបណ្ដោយផ្លូវលេខ១០៥ ឋិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។

ខណៈនោះលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការ សហការជាមួយកម្លាំងនៃ ការិ នគរបាលបង្ការពន្លត់អគ្គិភ័យ នឹងសង្គ្រោះ រាជធានីភ្នំពេញ បានអន្តរាគមន៍ពន្លត់ បានទាន់ពេលវេលាមិនបណ្ដាលឱ្យរាលដាលបន្ត។

នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញពីតូបលក់គ្រឿងក្រអូបមួយកន្លែង បន្ទាប់មកមានការឆ្លងចរន្តអគ្គិសនី បែកចេញជាផ្កាភ្លើង ហើយបង្កទៅជាអគ្គិភ័យឆាបឆេះតែម្ដង។ ភ្លាមៗនោះប្រជាពលរដ្ឋនៅក្នុងភូមិខាងលើ បាននាំគ្នាទាក់ទងទៅតាមសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ។

ករណីអគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងស្ថានការទាំងស្រុងវិញ នៅព្រឹកថ្ងៃខែដដែល ដោយលទ្ធផល គឺឆាបឆេះអស់ ចំនួន២តូប និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ប៉ុន្តែមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។

មន្ត្រីជំនាញអគ្គិភ័យបានសន្និដ្ឋានថា ករណីអគ្គិភ័យនេះ គឺកើតឡើងដោយការឆ្លងចរន្តអគ្គិសនី រួចបង្កទៅជាអគ្គិភ័យឆាបឆេះទីតាំងលក់គ្រឿងក្រអូបខាងលើនេះ បន្ទាប់ពីពិនិត្យឃើញប្រភពដែលបង្កអោយឆេះ និងបានប្រើប្រាស់រថយន្តពន្លត់ជាច្រើនគ្រឿងក្នុងការអន្តរាគមន៍បាញ់ពន្លត់ករណីនេះ។

  សមត្ថកិច្ចនៅក្នុងប្រតិបត្តិការខាងលើនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋបាលខណ្ឌ និងស្នងការនគរបាលរាជធានីភ្នំពេញ។ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងជំនាញធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ៦និង១០នាទី ថ្ងៃដដែល៕

អត្ថបទដែលជាប់ទាក់ទង