យុទ្ធនាការជំរឿនមន្ត្រីនឹងបន្តនៅក្រសួង ស្ថាប័នចំនួន៩ទៀតធ្វើតាមរចនាសម្ព័ន្ធដែលមានស្រាប់ និងកំពុងអនុវត្តប្រចាំថ្ងៃ
ភ្នំពេញ៖កន្លងមកគណៈកម្មការជំរឿនមន្ត្រី បានចុះជំរឿនមន្ត្រីជាក់ស្តែង និងធ្វើជីវមាត្រដោយផ្ទាល់នៅក្រសួងមុខងារសាធារណៈ គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាននៅទូទាំងរាជធានីភ្នំពេញ ប្រមាណជិត៣០០អង្គភាព។ ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា៖ថ្ងៃនេះ ជាជំហានមួយទៀត ក្នុងគោលដៅរៀបចំទិន្នន័យដែលច្បាស់លាស់ មានការឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា តាមរយៈការចាប់ផ្តើមធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងតាមបណ្តាក្រសួង ស្ថាប័នចំនួន៩ ជាបន្ត។
ការធ្វើជំរឿនមន្ត្រី ជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីកំណត់ឱ្យបានច្បាស់លាស់ នូវរចនាសម្ព័ន្ធ គ្រប់កម្រិត និងគ្រប់ប្រភេទរបស់ក្រសួង ស្ថាប័ន ក៏ដូចជាមន្ត្រីដែលបាន និងកំពុងបំពេញការងារ ជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន។ ការងារនេះ ជាការធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍប្រព័ន្ធទិន្នន័យតាមប្រព័ន្ធព័ត៌មានវិទ្យាដែលគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ សម្រាប់ការគ្រប់គ្រងរចនាសម្ព័ន្ធ និងមន្ត្រីនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នហើយកែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកផ្ដល់បៀវត្សដល់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្ដែង។
ឯកឧត្ដមបន្តថា៖ទោះបីជាថ្មីៗនេះក្រសួងស្ថាប័នមួយចំនួន មានការដាក់ចេញអនុក្រឹត្យនៃការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួង ស្ថាប័នថ្មីក៏ពិតមែន ប៉ុន្តែ ការធ្វើជំរឿនមន្ត្រី ត្រូវពិនិត្យលើស្ថានភាពមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែងស្របតាមរចនាសម្ព័ន្ធដែលមានស្រាប់ ដរាបណាក្រសួង ស្ថាប័ននោះ មិនទាន់បានរៀបចំ ឬតែងតាំងមន្ត្រីស្របតាមរចនាសម្ព័ន្ធថ្មីបានពេញលេញ ឬមិនទាន់មានឯកសារបទដ្ឋានគតិយុត្តនៃការតែងតាំងគ្រប់គ្រាន់នៅឡើយ៕
