ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីសសុខាអញ្ជើញបើកការដ្ឋានសាងសង់អគារវះកាត់និងសង្គ្រោះបន្ទាន់ថ្មីក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង

73

ព្រៃវែងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ បានអញ្ជើញក្រុងពលី បញ្ចុះបឋមសិលាសាងសង់អគារ វះកាត់ និងសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រៃវែងអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង។

ប្រារព្ធក្រុងពលី បញ្ចុះបឋមសិលាសាងសង់អគារ វះកាត់ និងសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យបង្អែខេត្តព្រៃវែង នេះក្នុងគោលបំណងពង្រីកវិសាលភាពផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ ពិធីនេះត្រូវបានរៀបចំឡើង យ៉ាងអធិកអធម តាមគន្លងប្រពៃណីសាសនា និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ 

ពិធីក្រុងពលីត្រូវបានធ្វើឡើងដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងដំណើរការសាងសង់ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ វត្តមានរបស់លោកអភិសន្តិបណ្ឌិត ស សុខា និង លោកស្ជំទាវញ៉ែម សាខន ស ខេង បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង។ 

ការសាងសង់អគារថ្មីនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅតាមបណ្តាខេត្ត។ សមិទ្ធផលថ្មីនេះ មិនត្រឹមតែជាមោទនភាពសម្រាប់ ខេត្តព្រៃវែងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃ «ការគិតគូរពីសុខភាពជាចម្បង» របស់ថ្នាក់ដឹកនាំ។

អគារមន្ទីរពេទ្យនេះនឹងក្លាយជាកន្លែងផ្តល់ក្តីសង្ឃឹម និងការសង្គ្រោះជីវិតដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ក្នុងតំបន់។ «សុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត របស់ប្រជាជនម្នាក់ៗ និងរបស់សង្គមជាតិទាំងមូល»៕

អត្ថបទដែលជាប់ទាក់ទង