លទ្ធផលនៃការអញ្ជើញចូលរួមរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព
ភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលអញ្ជើញចូលរួម «កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព» របស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា។
គួររំលឹកថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ រដ្ឋធានីវ៉ាស៊ីនតោន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម «កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព» ក្រោមអធិបតីភាពលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងជាប្រធានក្រុមប្រឹក្សាសន្តិភាព។
កិច្ចប្រជុំលើកដំបូងនេះគឺជាការចាប់ផ្តើមជាផ្លូវការនូវអាណត្តិរបស់ក្រុមប្រឹក្សាសន្តិភាព ក្នុងការ ស្តារសន្តិភាព និងកៀរគរការកសាងឡើងវិញគ្រប់ជ្រុងជ្រោយនៅតំបន់ហ្គាហ្សា។
ក្នុងអំឡុងកិច្ចប្រជុំ ក្រុមប្រឹក្សាបានអនុម័តសេចក្តីសម្រេចចិត្តលេខ ២០២៦/០២ (BOP/RES/2026/2) ដែលបង្កើត ក្របខណ្ឌហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការការងារ។ ក្រុមប្រឹក្សាបានសម្រេចថា សកម្មភាពរបស់ក្រុម ប្រឹក្សានឹងត្រូវគាំទ្រដោយវិភាគទានស្ម័គ្រចិត្តរបស់ប្រទេសសមាជិក ប្រទេសដទៃទៀត អង្គការ និងប្រភព បន្ថែមផ្សេងទៀត។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីការចូលរួមវិភាគទានរបស់ សហរដ្ឋអាម៉េរិកចំនួន ១០ ប៊ីលានដុល្លារអាម៉េរិកសម្រាប់ក្រុមប្រឹក្សានេះ។ ប្រទេសសមាជិកដទៃទៀ បានសន្យាចូលរួមវិភាគទានជាង ៧ ប៊ីលានដុល្លារអាម៉េរិកសម្រាប់ការកសាងឡើងវិញ និងជំនួយ មនុស្សធម៌នៅតំបន់ហ្គាហ្សា។ ប្រទេសសមាជិកមួយចំនួនទៀតបានប្តេជ្ញាបញ្ជូនកម្លាំងយោធាចូលរួម ក្នុងកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ (International Stabilization Force -ISF) នៅតំបន់ហ្គាហ្សា។
ស្របពេលនឹងកិច្ចប្រជុំខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានផ្លាស់ប្តូរទស្សនៈជាមួយ ឯកឧត្តម Viktor Orbán នាយករដ្ឋមន្ត្រីហុងគ្រីលើបញ្ហាដែលជាចំណាប់អារម្មណ៍រួម។
ភាគីទាំងពីរបាន គូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មី ជាពិសេស ខណៈកម្ពុជា និងហុងគ្រីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅ ឆ្នាំនេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានជួបពិភាក្សាជាមួយឯកឧត្តម Prabowo Subianto ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោម តូ ឡាំ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំដទៃទៀត៕
