ក្រុមអង្គទូតនិងអង្គការអន្តរជាតិ ចុះទៅដល់បានឃើញផ្ទាល់នូវវិនាសកម្មនៃសង្គ្រាមព្រំដែនដែលបង្កដោយយោធាថៃលើទឹកដីកម្ពុជា
ភ្នំពេញ៖ក្រុមបណ្ដាអង្គទូត និងអង្គការអន្តរជាតិ បានឃើញផ្ទាល់នូវវិនាសកម្មនៃសង្គ្រាមព្រំដែន ដែលបង្កដោយយោធាថៃ លើទឹកដីកម្ពុជា ក្រោមការសម្របសម្រួលដោយលោកជំទាវអ៊ាត សោភា រដ្ឋមន្ត្រីស្ដីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានដឹកនាំសមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ទៅកាន់ទីតាំងចំនួន៣ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ រួមមាន ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន។ ទីតាំងទាំងនេះត្រូវបានគ្រប់គ្រងដោយកងទ័ពថៃ ក្នុងអំឡុងពេលនៃការវាយប្រហារឈ្លានពាន កាលពីខែធ្នូ ឆ្នាំមុន។ ពលរដ្ឋភៀសសឹកពីតំបន់ទាំងបីនេះ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយដោយសារ ផ្ទះរបស់ពួកគាត់ត្រូវបានហ៊ុមព័ទ្ធដោយបន្លាលួស និងទូកុងតឺន័របិទផ្លូវ ហើយផ្ទះសម្បែង និងរចនាសម្ព័ន្ធនានា ត្រូវបានបំផ្លិចបំផ្លាញ ចាប់តាំងពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកម៉្លេះ។
តាមរយៈការចុះពិនិត្យមើលនៅភូមិជោគជ័យ និងភូមិព្រៃចាន់ គណៈប្រតិភូអាចសម្លឹងមើលទីកន្លែង ដែលហួសពីការដាក់ទូកុងតឺន័របិទផ្លូវ ដែលជាកន្លែងធ្លាប់ត្រូវបានចុះពិនិត្យមើលពីកាលខែសីហាឆ្នាំមុន។ នៅ តំបន់បឹងត្រកួន គណៈប្រតិភូបានពិនិត្យមើលផ្ទះសម្បែង ហាងទំនិញ និងរចនាសម្ព័ន្ធសាធារណៈនានាក្នុងតំបន់ នេះ ដែលត្រូវបានបំផ្លាញក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នានាពេលកន្លងមក។ ប្រតិភូទាំងអស់បានសង្កេតមើលពី ចម្ងាយនូវទូកុងតឺន័របិទផ្លូវចូលទៅកាន់ច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ដែលស្ថិតនៅចម្ងាយប្រមាណ១គីឡូម៉ែត្រ។
ចាប់តាំងពីមានបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋភៀសសឹកមកពីសហគមន៍នានា នៅ តែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនបានឡើយ។ ផ្លូវចូលទៅកាន់តំបន់រងផលប៉ះពាល់បន្តមាន ការហាមឃាត់ដោយសារមានការរាយបន្លាលួស និងការដាក់ទូកុងតឺន័ររាំងខ្ទប់ ក្រោយពីបទឈប់បាញ់ ហើយផ្ទះ សម្បែងនានា និងរចនាសម្ព័ន្ធស៊ីវិលផ្សេងៗទៀត ត្រូវបានបំផ្លាញក្នុងអំឡុងពេលប្រយុទ្ធគ្នា ឬបំផ្លិចបំផ្លាញនៅ ពេលក្រោយជាបន្តបន្ទាប់ ដែលនាំឱ្យមានការអូសបន្លាយពេលនៃការរត់ភៀសសឹករបស់ប្រជាជនមូលដ្ឋាន។
គណៈប្រតិភូក៏បានចុះពិនិត្យជំរំភៀសសឹកនៅវត្តចាន់ស៊ី និងវត្តកណ្តាល ដែលមានប្រជាជនក្រ សឹកប្រមាណ ១០.០០០នាក់ ដែលកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ដែលមានការរៀបចំ។
