ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី នារសៀលនេះអញ្ជើញបិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

14

ភ្នំពេញ៖នៅរសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន 

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មីរយៈពេលពីរថ្ងៃ។ ពិធីបើកសន្និបាត ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែមីនា ហើយបិទនៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ។

របាយការណ៍ក្នុងសន្និបាតនេះ បានបង្ហាញថា ក្នុងឆ្នាំ២០២៥កន្លងទៅ បណ្តាអង្គភាពអនុវត្តច្បាប់ និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នាទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ ឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

-បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១០,៧៤៣ករណី (នៅឆ្នាំ២០២៤ បានចំនួន១០,៦៣០ករណី) កើន១១៣ករណី ស្មើ១,០៦% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ឃាត់ខ្លួនជនសង្ស័យ ចំនួន២៧,៨៨៤នាក់ (នៅឆ្នាំ២០២៤មានចំនួន២៧,០៧១នាក់) កើន៨១៣នាក់ ស្មើ៣% បើប្រៀបធៀបនឹងឆ្នាំ២០២៤

-ចាប់យកគ្រឿងញៀនចំនួន៥តោន ៨៩៧គីឡូក្រាម (នៅឆ្នាំ២០២៤ មានចំនួន១៤តោន៩០៩គីឡូក្រាម) ថយចុះ ៩តោន០១២គីឡូក្រា។ ស្មើ៦០,៤៥% បើប្រៀបធៀបនឹងឆ្នាំ២០២៤

-បំផ្លាញដំណាំកញ្ញាបាន១២,២១២ដើម (នៅឆ្នាំ២០២៤ មានចំនួន១៧,៧៨៥ដើម) ថយចុះ៥,៥៧៣ដើម

-ចាប់យកកញ្ញាក្រៀម ៥២៥គីឡូក្រាម (នៅឆ្នាំ២០២៤ មានចំនួន ១៤២គីឡូក្រាម) កើន៣៨៣គីឡូក្រាម

-រឹបអូសសារធាតុគីមីផ្សំចំនួន៤២តោន ៨១៤គីឡូក្រាម (នៅឆ្នាំ២០២៤មានចំនួន៣៥៤គីឡូក្រាម) កើន៤២តោន ៤៦៩គីឡូក្រាម។

ជាមួយគ្នានេះ បន្ថែមពីលទ្ធផលការងារបង្ក្រាបខាងលើ សមត្ថកិច្ចបានអនុវត្តននូវវិធានការរដ្ឋបាល សរុបចំនួន១៤,៩៤៦លើក (ឆ្នាំ២០២៤ មានចំនួន១,០៩២លើក) កើនឡើង១៣,៣៥៤លើក ក្នុងនោះ៖ 

-ចុះបិទអាជីវកម្ម ចំនួន ១២ទីតាំង ស្មើ២គោលដៅ (ផ្ទះសំណាក់ និងKTV)
-ចុះអប់រំទីតាំងអាជីវកម្ម ចំនួន ១៤,១៩៤លើក ស្មើ៥គោដៅ (សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល បារ ខេធីវី និងក្លឹប)
-អញ្ជើញម្ចាស់ទីតាំងអាជីវកម្មមកប្រជុំ៧៤០លើក អ្នកចូលរួម ៣៤,៧០៧នាក់ (ស្រី១៧.២៥៧នាក់) 
*ឆ្មក់ធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើក្រុមគោលដៅមានតម្រុយប្រើប្រាស់គ្រឿងញៀន បានចំនួន១,១៦៣លើក លើមុខសញ្ញាចំនួន១,៧៩៦នាក់ រកឃើញវិជ្ជមាន សារធាតុញៀន១,៥១០នាក់។

លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមកពីគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពទាំងអស់ ក្នុងការបំពេញបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគ្រប់ទម្រង់ គ្រប់រូបភាព ពោលគឺទាំងការងារលើកកម្ពស់ការផ្សព្វផ្សាយអប់រំ, កិច្ចប្រតិបត្តិអនុវត្តច្បាប់, ការងារបន្យាបព្យាបាល និងស្តារនីតិសម្បទា, កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារគ្រប់គ្រងសារធាតុគីមីផ្សំ ដែលជាទិសដៅការងារ អាទិភាពចម្បង របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមចំណែកដល់សន្តិសុខ សុវត្ថិភាព សុខុមាលភាពសង្គម និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ រយៈពេល១ឆ្នាំ ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

ឆ្លងកាត់បទពិសោធក្នុងការអនុវត្តផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ចំនួន១០លើកកន្លងទៅ (២០១៧-២០២៥) ពិនិត្យឃើញថា ជាជំហានៗផែនការយុទ្ធនាការនេះ បានក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់កម្ពុជា សម្រេចនូវក្តីសង្ឃឹម «កម្ពុជាគ្មានគ្រឿងញៀននាអនាគត»។

ផែនការដែលមានលក្ខណៈជាយុទ្ធសាស្ត្រនេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចាត់តាំងអនុវត្តតាមតួនាទី និងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងសកម្ម និងទទួលបានលទ្ធផល គួរឲ្យកត់សម្គាល់៕

អត្ថបទដែលជាប់ទាក់ទង