សមិទ្ធផលថ្មីកសាងផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែងជាង ១៨គីឡូម៉ែត្រសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ជាយដែនក្នុងស្រុកជាំក្សាន្ត កំពុងលេចរូបរាងជាបណ្តើរៗ
ព្រះវិហារ៖នៅថ្ងៃសៅរ៍ទី៧ ខែមីនា ឆ្នាំ២០២៦ នេះលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃគម្រោងជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែ ដែលមានប្រវែងសរុបជាង ១៨គីឡូម៉ែត្រ។ គិតចាប់តាំងពីថ្ងៃបើកការដ្ឋាន (២០ កុម្ភៈ ២០២៦) រហូតមកដល់ពេលនេះ ក្រុមការងារបានខិតខំសម្រុកធ្វើការយ៉ាងសកម្ម ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។
លោកប្រធានបន្តថា៖ហេតុអ្វីបានជាផ្លូវនេះមានសារៈសំខាន់? គឺដើម្បីបញ្ចប់ទុក្ខកង្វល់លើការធ្វើដំណើរដែលធ្លាប់តែលំបាក ឱ្យមកជាភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ព្រមទាំងជួយឱ្យបងប្អូនកសិករអាចដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានទាន់ពេលវេលា និងកាត់បន្ថយចំណាយបានមួយកម្រិតធំ។
នេះគឺជាសក្ខីភាពនៃការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល និងតាមបណ្តោយព្រំដែន។
លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់ទៀតថា៖បច្ចុប្បន្ន ផ្លូវនេះបងប្អូនអាចធ្វើចរាចរណ៍ទៅមកបានជាបណ្តោះអាសន្នហើយ ដែលនេះគឺជាមោទនភាពថ្មីមួយទៀតសម្រាប់ទឹកដី ស្រុកជាំក្សាន្ត ខេត្តព្រះវិហាររបស់យើង៕
