ប្រឡាយទួលសំពៅដំណាក់កាលទី២ ប្រវែងជាង ១៧០០ម៉ែត្រ ត្រូវបានស្ដាររួចរាល់ និងរៀបចំស្តារជំហានទី៣
ភ្នំពេញ ៖ គិតត្រឹមល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ កំណាត់ប្រឡាយ ទួលសំពៅដំណាក់កាលទី២ ប្រវែងប្រមាណជាង ១៧០០ម៉ែត្រ ត្រូវបានស្ដាររួចរាល់តាមផែនការ ដែលបានគ្រោងទុករបស់រដ្ឋបាលខណ្ឌសែនសុខ ។
ដោយមានការយកចិត្តទុកដាក់ និងឧបត្ថម្ភថវិកា មធ្យោបាយពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចាប់តាំងពីខែមករា ឆ្នាំ២០២៦នេះ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំធ្វើការងារស្តារកាយជម្រៅប្រឡាយទួលសំពៅ ដំណាក់កាលទី២ ចាប់ពីភូមិដំណាក់ សង្កាត់គោកឃ្លៀង ដល់ភូមិក្រាំងអង្ក្រង តំបន់ខាងក្រោយផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ ដែលដំណាក់កាលទី១ បានស្ដាររួចរាល់ កាលពីចុងឆ្នាំ២០២៥ ។
លោក ចេង មុនីរ៉ា បានបញ្ជាក់ថា តំបន់ប្រ៉បផ្លូវរថភ្លើង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លៀង ជាប់ព្រំប្រទល់ ខណ្ឌពោធិ៍សែនជ័យ ប្រឡាយទួលសំពៅ គឺជាប្រឡាយមេដ៏សំខាន់មួយ ក្នុងយុទ្ធសាស្រ្តរំដោះទឹក ផ្នែកខាងលិចភូមិសាស្ត្រខណ្ឌសែនសុខ ដែលបានដើរតួនាទីយ៉ាងសំខាន់ នាំទឹកទៅកាន់ស្ថានីយ៍ បូមទួលសំពៅ ស្ថិតក្នុងសង្កាត់ឃ្មួញ ដើម្បីបញ្ចៀសការជន់លិចផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋាន និងត្រៀមបន្តស្តារដំណាក់កាលទី៣ បន្ទាប់ពីប្រឡាយតួសំពៅ ដំណាក់កាលទីពីរបានស្ដាររួចរាល់ហើយ ។
ជាមួយគ្នានេះ លោក ចេង មុនីរ៉ា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នករស់នៅអមប្រឡាយតួសំពៅ និងអ្នកធ្វើដំណើរឆ្លងកាត់ សូមចូលរួមទុកដាក់វេចខ្ចប់សំរាម ឱ្យបានត្រឹមត្រូវ និងបញ្ចេញសំរាម តាមម៉ោងពេលកំណត់ ដើម្បីអនាម័យ បរិស្ថានសោភ័ណភាព ផាសុកភាព និងដើម្បីទីក្រុងស្អាត បញ្ចៀសការជន់លិចក្នុងមូលដ្ឋានខណ្ឌក៏ដូចជាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញផងដែរ ៕
