ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌឫស្សីកែវ ប្រារព្ធកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុង អបអរទិវាជាតិទីក្រុងស្អាត

19

ភ្នំពេញ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ អញ្ជើញជាអធិបតីក្នុងកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» ដោយមានការចូលរួមពីលោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ និងមន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណ២០០នាក់ ស្ថិតនៅមុខបុរីមហាសេដ្ឋី តាមបណ្តោយផ្លូវ៩៣ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ នាព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ ។

នាឱកាសនោះ លោកអភិបាលខណ្ឌ បានអានសារលិខិតដើមទាំងស្រុងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» ។

លោកអភិបាលបានបញ្ជាក់ថា យុទ្ធនាការ កាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» ផ្តួចផ្តើមដោយក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលការគាំទ្រយ៉ាងខ្លាំង ពី សិស្សានុសិស្ស យុវជន លោកគ្រូ អ្នកគ្រូ កម្មករ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅទូទាំងប្រទេស ។ យុទ្ធនាការនេះ មានគោលបំណងកាត់បន្ថយការបំពុលបរិស្ថាន ដោយសារសំរាមប្លាស្ទិក លើកកម្ពស់សោភ័ណភាពទីក្រុង និងលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយៈការប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសថង់ប្លាស្ទិក ។ ជាមួយនេះ រដ្ឋបាលខណ្ឌ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានសហការគ្នាដាក់ឱ្យប្រើប្រាស់ធុងសំរាម ដាច់ដោយឡែកនៅតាមសាលារៀន និងការលើកទឹកចិត្ត សិស្សានុសិស្ស ឱ្យកែច្នៃប្លាស្ទិក និងសំណល់សំរាម ធ្វើជាជីកំប៉ុសផងដែរ ។

លោកអភិបាលខណ្ឌ ក៏បានពប្យល់អំពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក មកលើសុខភាព មនុស្ស សត្វ និងបរិស្ថាន និងរបៀបការញែកសម្រាមចែកដាច់ពីគ្នាផងដែរ ។ក្នុងកម្មិធីនេះ មានការដើររើសសម្រាមតាមដងផ្លូវ និងបាញ់ទឹកលាងសម្អាតផ្លូវផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង