ACU បានឃាត់ខ្លួនមន្ត្រី៣នាក់ពាក់ព័ន្ធនឹងបទរំលោភអំណាច
ភ្នំពេញ៖ឯកឧត្ដមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការឃាត់ខ្លួនមន្ត្រី ACU ចំនួន៣នាក់ ពាក់ព័ន្ធទៅនឹងករណីរំលោភអំណាច។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឱ្យដឹងយ៉ាងដូច្នេះថា៖ «អង្គភាពក៏ទើបតែបញ្ជូនមន្ត្រីអង្គភាព ACU ខ្លួនឯងហ្នឹង គេសួរថាអីឡូវអង្គភាពប្រឆាំងអំពើពុករលួយ ចាប់អ្នកពុករលួយ ចុះមន្ត្រី ACU ខ្លួនឯងពុករលួយ អ្នកណាគេចាប់ គឺអង្គភាពចាប់ខ្លួនឯង យើងមានយន្តការមួយស៊ើបអង្កេតផ្ទៃក្នុង យើងទើបបញ្ជូនទៅ ២-៣ថ្ងៃមុន ហើយមកដល់ពេលនេះជិត១០នាក់ហើយ ដែលយើងមានកសាងបញ្ជូនទៅតុលាការ ឱ្យប៉ះរឿងអំពើពុករលួយ»
ជនទាំង៣នោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងនោះរួមមានដូចជា៖
១៖ លោក ជឹម អូន អាយុ ៣៨ឆ្នាំ ជាមន្រ្តីនាយកដ្ឋានស៊ើបអង្គេត និងចារកម្ម នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទ រំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល។
២៖ លោក ជឹម សុខជឿន ភេទប្រុស អាយុ៣២ឆ្នាំ ជាជំនួយការ ជឹម អូន ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច ។
៣៖ ឈ្មោះ ភេន រចនា ភេទស្រី អាយុ ៣៦ ឆ្នាំ អតីតមន្រ្តីជាប់កិច្ចសន្យា នៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច។
នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រមាណ ១៩០០រូប ដើម្បីលើកកម្ពស់គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គម និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់មន្រ្តីអនុវត្តកម្មវិធីឃុំ សង្កាត់ទូទាំងប្រទេស ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានលើកឡើងថា ការបង្ក្រាបបទល្មើសប្រឆាំងអំពើពុករលួយ គឺស្របទៅនឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកឡើងថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺធ្វើឱ្យមនុស្សម្នាក់ប្រកាន់យកផ្នត់គំនិតមិនចង់ មិនអាច និងមិនហ៊ានពុករលួយ៕
