ពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ បួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ ម្ចាស់ទឹកម្ចាស់ដី សូមឱ្យការសាងសង់ទីតាំង និងការរៀបចំនានានៃព្រឹត្តិការណ៍នគរសង្រ្កាន្ត ដំណើរការទៅដោយរលូន
ភ្នំពេញ៖ពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញរួមពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស.ស.យ.ក. និងគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តជាច្រើនរូប។
គោលបំណងសំខាន់នៃការរៀបចំពិធីប្រុងពលីនេះ ធ្វើឡើងដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សានៅព្រះរាជាណាចក្រកម្ពុជា សូមឱ្យការសាងសង់ទីតាំង និងការរៀបចំនានានៃព្រឹត្តិការណ៍នគរសង្រ្កាន្ត ឆ្នាំ២០២៦ ដំណើរការទៅដោយរលូន និងមានសេចក្តីសុខ សិរីសួស្តីដល់ក្រុមការងារគ្រប់គ្នា។
គួរបញ្ជាក់ផងដែរថា គណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដ បានរៀបចំពិធីប្រុងពលីបើកការដ្ឋានសាងសង់ស្របតាមជំនឿដែលជាទំនៀមទំលាប់ ប្រពៃណីខ្មែរ។ ថ្នាក់ដឹកនាំស.ស.យ.ក. តែងតែគោរពប្រតិបត្តិតាមជំនឿ និងទំនៀមទំលាប់ប្រពៃណីខ្មែរ ជាពិសេសនៅទីតាំងតំបន់ជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរ។
គួរបញ្ជាក់ថា៖ព្រឹត្តិការណ៍នគរសង្ក្រានដ៏ធំនេះនឹងធ្វើឡើងនៅទីតាំងធំៗចំនួន៣កន្លែង និងតូចចំនួន៣កន្លែងទៀត ក្នុងនោះទីតាំងធំៗចំនួន៣កន្លែងនោះរួមមាន៖ទី១ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ទី២ ផ្លូវថ្មើជើងចតុមុខនិងទី៣ នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ចំណែក៣កន្លែងតូចៗ ទី១ នៅសួនមុខវត្តបទមវតី ទី២ បាសាក់លែនៅផ្លូវលេខ៣០៨និងទី៣ នៅផ្លូវលេខ១៥៥ផ្លូវជុំវិញផ្សារទួលទំពូងក្នុងខណ្ឌចំការមន៕
