ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតីសូមអនុមោទនាខួបលើកទី៥៧ឆ្នាំនៃថ្ងៃបុណ្យឆ្លងការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរនិងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក

83

ភ្នំពេញសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហោះសារ សូមសូមអនុមោទនាខួបលើកទី៥៧ឆ្នាំ នៃថ្ងៃបុណ្យឆ្លងការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក (១ មេសា ១៩៦៩ – ១ មេសា ២០២៦)។ 

គួរបញ្ជាក់ផងដែរថា គម្ពីរព្រះត្រៃបិដកខ្មែរ គឺជាឃ្លាំងចំណេះដឹង ដ៏វិសេសវិសាលបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលមិនត្រឹមតែបង្កប់នូវទស្សនវិជ្ជាជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះនៃអក្សរសាស្ត្រ និងវប្បធម៌ខ្មែរយ៉ាងរឹងមាំផងដែរ ។

គម្ពីរព្រះត្រៃបិដក គឺជាឃ្លាំងផ្ទុកនូវពុទ្ធវចនៈរបស់ព្រះពុទ្ធ ដែលទ្រង់ទេសនា ទូន្មាន ប្រៀនប្រដៅ អប់រំ រំឭកដាស់តឿនរវាង ៤៥ព្រះវស្សាចាប់តាំងពីទ្រង់បានត្រាស់ ដឹង ជាព្រះ សម្ពោធិ ញ្ញាណ រហូតដល់ព្រះអង្គបានចូលបរិនិព្វាន។ វចនៈដែលទ្រង់បាន សម្ដែង នេះហៅថាធម្មវិន័យ។

ធម្មវិន័យនេះចែកជា៣ផ្នែក៖ វិន័យ សុត្តន្ត និងអភិធម្ម ទាំងបីចំណែកនេះ ព្រះថេរទាំងឡាយបានសង្គាយនា (ផ្ទៀងផ្ទាត់) ចងក្រងទុកដាក់និង បែងចែក ជាក្រុមហៅថា៖ បិដក ឬព្រះត្រៃបិដកដែលជាបណ្ណាល័យ ដ៏សំខាន់ បំផុតសម្រាប់ ផ្ទុកនូវ ពុទ្ធវចនៈទាំងនេះ។

គម្ពីរព្រះត្រៃបិដកមានចំនួនច្រើនជាងគម្ពីរវេទ(ព្រហ្មញ្ញសាសនា) និងច្រើនជាង គម្គីរប៊ីប(គ្រឹស្តសាសនា)១១ដង។ នៅប្រទេសកម្ពុជាគម្ពីរព្រះត្រៃបិដកត្រូវបានក្រុមជំនុំព្រះត្រៃបិដកខ្មែរធ្វើការបកប្រែពីភាសាបាលីមកជាភាសាខ្មែរដើម្បីជាមធ្សោបាយងាយស្រួលក្នុងការ មើល អាន សិក្សា ស្វែងយល់ រៀនសូត្រអំពីទ្រឹស្តីក្នុងព្រះពុទ្ធសាសនា។

ព្រះត្រៃបិដកខ្មែរត្រូវបានធ្វើការបកប្រែចប់មុនគេក្នុងចំណោមប្រទេសកាន់ព្រះសាសនាទាំងអស់ក្នុងលោក។

គម្ពីរព្រះត្រៃបិដកជាភាសាខ្មែរសរុបទាំងអស់មានចំនួន១១០ក្បាល។

១. វិន័យបិដក មានចំនួន១៣ក្បាល ៥គម្ពីរ (ភាគ១ – ១៣)

២. សុត្តន្តបិដក មានចំនួន៦៤ក្បាល ៥គម្ពីរ (ភាគ១៤ – ៧៧)

៣. អភិធម្មបិដក មានចំនួន៣៣ក្បាល ៧គម្ពីរ(ភាគ៧៨ – ១១០)

ប្រភពដដែលបន្តថា ពុទ្ធសាសនបណ្ឌិត្យបានបង្កើតគណៈកម្មការ ព្រះត្រៃបិដក នៅឆ្នាំ១៩២៩ ដោយមានព្រះសង្ឃរាជ ទាំងពីរគណៈជាប្រធាន និងមានសមាជិក ៤០ អង្គប្លាយ និងឧបាសក ដែលមានវិជ្ជាខ្ពង់ខ្ពស់ផ្នែកព្រះពុទ្ធសាសនា និង ភាសាបាលី ។ 

ភាគទី១នៃព្រះត្រៃបិដកបានប្រសូតឡើងជាសៀវភៅមាន ២ ភាសាបាលីម្ខាង និងភាសាខ្មែរម្ខាង បោះពុម្ពនៅឆ្នាំ ១៩៣១ ហើយភាគ១១០ ជាភាគចុងក្រោយបានបោះពុម្ពផ្សាយជាដំបូងនៅឆ្នាំ ១៩៦៨ ក្នុងមួយភាគៗ ជាទូទៅ ជាង៤០០ទំព័រ ។ ការប្រែបិដកនេះ មានការលំបាក នឿយហត់ស៊ូទ្រាំ ទម្រាំបានរួចរាល់ប្រើពេលអស់ជិត៤០ឆ្នាំ។ ព្រះត្រៃបិដកខ្មែរយើងបានសម្ភោធ និងធ្វើបុណ្យឆ្លងនៅថ្ងៃទី ១ – ២ ខែមេសា ឆ្នាំ ២៥១៣-១៩៦៩៕

អត្ថបទដែលជាប់ទាក់ទង