កូនស្នងការរងខេត្តបន្ទាយមានជ័យបើករថយន្ដបុកមនុស្សស្លាប់៦នាក់នៅខេត្តបាត់ដំបងបានចូលខ្លួននៅចំពោះមុខសមត្ថកិច្ចខេត្តបាត់ដំបងហើយ
បាត់ដំបង៖នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ជនបង្កដែលបើករថយន្ដបុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបង ដែលជាកូនស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ បានចូលខ្លួននៅចំពោះមុខសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
នេះបើតាមលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបងថា៖ជនបង្កកំពុងស្ថិតក្រោមការសួរនាំពីសមត្ថកិច្ចជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញការសន្និដ្ឋានថា បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ ២០ឆ្នាំ ពិតជាអ្នកបើករថយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់មនុស្ស៦នាក់ រួមទាំងកូនក្នុងផ្ទៃអាយុ៣ខែ។ ការសន្និដ្ឋាននេះធ្វើឡើង បន្ទាប់ពីប្រមូលភស្តុតាងពីកាមេរ៉ាសុវត្ថិភាព និងប្រភពនានា។ បើទោះបីជាយ៉ាងណា ឪពុករបស់យុវជន ជ័យសិដ្ឋ ដែលជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា តាំងពីពេលដែលកូនប្រុសបង្កគ្រោះថ្នាក់ចរាចរណ៍នោះ គឺទាក់ទងមិនបាន ហើយមិនដឹងថា ទៅលាក់ខ្លួននៅទីណានោះទេ។
ក្នុង សេច ក្តី ថ្លែងការណ៍នាយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ ស្នងការដ្ឋាន នគរ បាល ខេត្តបាត់ដំបង បានរៀបរាប់លំអិតពីដំណើរទើបទងហេតុការណ៍គ្រោះថ្នាក់ចរាចរ ដ៏ ប្រល័យបង្កដោយយុវជនវ័យក្មេងលេងរថយន្តតម្លៃជាង១០ម៉ឺនដុល្លារហ៊ឺហារដោយទ្រព្យឪពុកជាស្នងការរងទទួលផែនសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ល្បី ពូកែខាងរកស៊ី។
ក្នុងសេចក្តីថ្លែងការណ៍ បានរៀបរាប់ថា កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលា ម៉ោង ២២៖៤០នាទីលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែតលេខ២៤៦-២៤៧ ស្ថិត ក្នុង ក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក MERCEDESBENZ AMG GT53ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពាក់ផ្លាកលេខកម្ពុជា C.S.6168 បុកជាមួយ នឹងម៉ូតូចំនួន២គ្រឿងដែលម៉ូតូទី១ ម៉ាកហុងឌីម HONDADREAM ពណ៌ខ្មៅពាក់ ផ្លាក លេខបាត់ដំបង1H-2105 ជិះគ្នាចំនួន ៣នាក់ បណ្តាលឱ្យស្លាប់ចំនួន ២នាក់ និងរងរបួសធ្ងន់ចំនួន ១នាក់ប្រុស រីឯម៉ូតូទី២ ម៉ាកហុងដាឌ្រីម HONDA DREAM ពណ៌ខ្មៅពាក់ផ្លាកលេខ បាត់ដំបង 1S-1965 ជិះគ្នាចំនួន ៣នាក់បណ្តាលឱ្យ ស្លាប់ ចំនួន ០៣នាក់ប្រុសចំនួន ២នាក់ស្រីចំនួន ១នាក់ ។
សរុបជនរងគ្រោះស្លាប់ចំនួន ៥នាក់ ប្រុសចំនួន ២នាក់ ស្រីចំនួន ៣នាក់ ដែលក្នុងនោះ ស្រីម្នាក់មានគភ៌ចំនួន ៣ខែផង (តាមប្រភពពីក្រុមគ្រួសារសព) និងរងរបួសធ្ងន់ចំនួន ១នាក់ប្រុស ជនរងគ្រោះទាំងអស់រស់នៅភូមិកកោះឃុំកកោះ ស្រុកមោងឫស្សី ខេត្ត បាត់ ដំបង ខណៈដែលជនរងគ្រោះជិះម៉ូតូវិលត្រឡប់មកពីមើលការប្រគុំតន្ត្រីមួយ កន្លែង ស្ថិតនៅទីរួមស្រុកមោងឫស្សី នារាត្រីនោះ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា បន្ទាប់ពីកើតហេតុរួចមកសមត្ថកិច្ចនគរបាលស្រុក មោង ឫស្សី រួមសហការជាមួយសមត្ថកិច្ចនគរបាលការិយាល័យនគរបាល ចរាចរណ៍ផ្លូវ គោកនៃស្នងការដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ អ្នកបើករថយន្តបង្កគ្រោះថ្នាក់ បានគេចខ្លួនពីកន្លែងកើតហេតុបាត់ដោយបន្សល់ទុករថយន្តបង្កនៅទីនោះហើយសមត្ថកិច្ច និងអ្នកជួយសង្គ្រោះនាំអ្នករងរបួសទៅកាន់មន្ទីរពេទ្យ និងអ្នកស្លាប់ប្រគល់ជូន ក្រុម គ្រួសារសពបានវាស់វែងពិនិត្យកន្លែងកើតហេតុ និងប្រមូលភស្តុតាងនានា នៅកន្លែង កើត ហេតុ។
តាមរយៈផ្លាកលេខរថយន្ត កម្ពុជាC.S.6168 សមត្ថកិច្ចបានធ្វើការស្រាវជ្រាវស្វែងរក ឃើញ អត្តសញ្ញណម្ចាស់រថយន្តមានឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុសឆ្នាំ កើតនៅខែធ្នូ ឆ្នាំ២០០៦ មានទីលំនៅផ្ទះលេខ ១៧ ផ្លូវលេខ ១២ ភូមិព្រែកតាគង់១ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយស្រាវជ្រាវឃើញបែបនេះ សមត្ថកិច្ចនគរបាលបានចាត់វិធានការស្រាវជ្រាវស្របតាមជំនាញស្របតាមនីតិវិធីជាបន្តបន្ទាប់។ លុះដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលបានទាក់ទង ទៅ ឈ្មោះ ស៊ីវ សុជាតិ ជាឪពុករបស់ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដើម្បីឱ្យគាត់សហការបញ្ជាក់ ពី ករណីនេះក្នុងនោះគាត់ បានបញ្ជាក់ថា រថយន្តក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើ គឺជាកម្មសិទ្ធរបស់កូនគាត់ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ប្រាកដមែន។
គួរបញ្ជាក់ថា៖នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៕
