កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបើកប្រតិបត្តិការបង្ក្រាប Online Scam ចំនួន២ទីតាំងទី១នៅបុរីហ្គោឌែនឃី ទី២នៅក្នុងបន្ទប់ខុនដូអគារ JD Polman ចាប់ខ្លួនជនបរទេស៣៥នាក់
ភ្នំពេញ៖កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam នៅបុរី ហ្គោឌែនឃី ដោយបានចាប់ខ្លួនជនបរទេសចំនួន ២៧នាក់ ស្ថិតនៅផ្ទះលេខA01 A02 និង C09 ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាពីឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងខាងនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា, ឧត្តមសេនីយ៍ទោ ស ថេន នាយយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា, នាយការិយាអន្តរាគមន៍ និងតម្រួតបទបញ្ជា សហការជាមួយខណ្ឌសែនសុខ។
ក្នុងកិច្ចប្រតិបត្តិការខាងលើសមត្ថកិច្ចរកឃើញមនុស្សចំនួន ២៧នាក់ (ស្រី ០១នាក់) ចិនតៃវ៉ាន់២៣ នាក់ (ស្រី ១) ចិន ៣នាក់ និងម៉ាឡេស៊ី ១នាក់។
សម្ភារៈបច្ចេកកទេសដែលបម្រើឱ្យបទល្មើសរួមមាន៖ CPU ចំនួន ៣គ្រឿង, ទូស័ព្ទដៃ ចំនួន ២២៧គ្រឿង, Monitor ចំនួន ១៩គ្រឿង និង Laptop ចមនួន ២២គ្រឿង។
លទ្ធផលកោសល្យវិច័យសមត្ថកិច្ចរកឃើញថា ជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពឆបោកទិញទំនិញអនឡាញក្លែងក្លាយ (Online Purchases Scams) និងអូសទាញអោយវិនិយោគ (Investment Scams)។
នៅថ្ងៃដដែលនោះសមត្ថកិច្ចបង្ក្រាបទីតាំងឆបោកតាមអនឡាញនៅក្នុងបន្ទប់ខុនដូ អគារ JD Polman ខណ្ឌសែនសុខ ឃាត់ខ្លួនជនបរ
ទេស៨នាក់ ដែលក្លែងជានគរបាលជប៉ុន។ក្នុងនោះ
ជនជាតិជប៉ុនចំនួន ៥នាក់ និងចិនចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅអគារខុនដូ JD Polman ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមការបញ្ជាពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងនោះក្រុមការងារបានត្រួតពិនិត្យរកឃើញសម្ភារៈដែលបម្រើដល់បទល្មើសរួមមានៈទូរសព្ទ ចំនួន ១៤គ្រឿង, CPU ១គ្រឿង , monitor ចំនួន ១ គ្រឿង, iPad ៣គ្រឿង, អាវនគរបាលជប៉ុនចំនួន៥ និងមួកនគរបាលជប៉ុនចំនួន២, និងឯកសារនគរបាលក្លែងក្លាយមួយចំនួន។
លទ្ធផលកោសលវិច័យរកឃើញ ជនសង្ស័យជាជនជាតិជប៉ុន បានប្រើប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា ក្រោមរូបភាពក្លែងជាសមត្ថកិច្ចជប៉ុន និងប្រើប្រាស់ឯកសារក្លែងក្លាយមានបណ្តឹង ,កិច្ចសន្យា និងដីការចាប់ គោលដៅទៅប្រទេសជប៉ុន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកបក្សពួកពាក់ព័ន្ធបន្ថែមទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅត្រឹមខែមេសានាពេលខាងមុខនេះ៕
