ឯកឧត្ដមសន្តិបណ្ឌិត ឆៃស៊ីណារិទ្ធថា៖មេក្លោងនិងអ្នកពាក់ព័ន្ធបទល្មើស Online Scams ទាំងជនជាតិខ្មែរនិងបរទេសប្រញាប់ដកខ្លួនចេញជាបន្ទាន់ដើម្បីទទួលបានការលើកលែងទោសកុំចាំបង្ក្រាបនិងចោទប្រកាន់ទើបភ្ញាក់ខ្លួន
ភ្នំពេញ៖ឯកឧត្ដមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហៅកាត់ថា គ.ប.ឆ.ប បានប្រកាសអំពាវនាវដល់មេក្លោង និងអ្នកពាក់ព័ន្ធបទល្មើស Online Scams ទាំងអស់ ទាំងជនជាតិខ្មែរ និងបរទេស ព្រមទាំងម្ចាស់ទីតាំង បុគ្គលិកបម្រើការងារ ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ ដើម្បីទទួលបានការលើកលែងទោស កុំរង់ចាំឱ្យមានការបង្ក្រាប ឬចោទប្រកាន់តាមផ្លូវច្បាប់ ទើបស្តាយក្រោយ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយអគ្គនាយក Fresh News ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការបោសសម្អាតបទល្មើសបច្ចេកវិទ្យានេះឱ្យអស់ពីកម្ពុជាដូច្នេះអ្នកពាក់ព័ន្ធទាំងឡាយ រួមទាំងមេក្លោងទាំងជនជាតិខ្មែរ និងបរទេស បូករួមទាំងម្ចាស់ទីតាំង និងបុគ្គលិកបម្រើការងារ ត្រូវប្រញាប់ដកខ្លួនជាបន្ទាន់ កុំដល់ពេលបង្ក្រាប និងចោទប្រកាន់តាមច្បាប់ទើបភ្ញាក់ខ្លួនស្តាយក្រោយ»។
សូមជម្រាបថា «ច្បាប់ ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ទើបត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទីចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦។
ចាប់តាំងពីបើកយុទ្ធនាការ កាលពីឆ្នាំមុនរហូតដល់ពេលនេះ មាន Online Scams ចំនួន ២៥០ករណី ស្មើនឹង ២៥០ទីតាំង ត្រូវបានបង្ក្រាប ក្នុងនោះកាស៊ីណូចំនួន ៩២។ ក្នុងយុទ្ធនាការនេះ មានជនល្មើសស្កេមអនឡាញជាង ៨០០នាក់ ត្រូវបានឃុំខ្លួន ខណៈដែលជិត៧០០នាកទៀត មានដីកាតាមចាប់៕
