កម្ពុជា-វៀតណាមប្ដេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត
ភ្នំពេញ៖នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ត្រិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ លោក ត្រិន កឹមទូ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកជួបពិភាក្សាការងារជាមួយលោក ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅកម្ពុជា។ លោកបាននាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ លោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋ និងលោក ឡេ មីញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីថ្មីវៀតណាម ជូន ចំពោះសម្តេចធីបតី ព្រមទាំងបានអបអរសាទរចំពោះសមិទ្ធផលនានាជាច្រើនដែលកម្ពុជាសម្រេចបាននាពេលកន្លងមក។
លោកមានជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវជោគជ័យថ្មីៗ បន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បានសម្តែងនូវ ការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលកំពុងឈានចូលដល់ដំណាក់កាលថ្មី។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក និងគណៈប្រតិភូ និងបានអបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនីស្ដវៀតណាម ព្រមទាំងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ វៀតណាម នាពេលថ្មីៗនេះ។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ច និងសមិទ្ធផលធំៗ ដែលបក្ស និងរដ្ឋវៀតណាមសម្រេចបាន។
ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ដាំផ្ញើនូវការសួរសុខទុក្ខជូនចំពោះអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ និងនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាមផងដែរ។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះភាព រីកចម្រើន នៃទំនាក់ ទំនង និងកិច្ច សហប្រតិបត្តិការដ៏ល្អ រវាង ប្រទេសទាំងពីរ និងបាន បញ្ជាក់ជាថ្មីនូវការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និង កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឲ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
សម្ដេចមហាបវរធិបតី និងលោក ត្រិន កឹមទូ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, សន្ដិសុខ និងការពារជាតិ, អប់រំ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាពិសេសរវាងយុវជន និងយុវជននៃប្រទេសទាំងពីរ៕
