ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី៖ថៃមិនទាន់ទាត់ចោលសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥ទេស្របគ្នានឹងកម្ពុជាគឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាព្រំដែន ,ទោះបីមានសង្ឃឹមត្រឹមតែ១ភាគរយក៏កម្ពុជានៅតែអត់ធ្មត់ដោះស្រាយជម្លោះតាមរយៈការទូតដើម្បីបញ្ចៀសកុំមានការបង្ហូរឈាម

180

តាកែវ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល និងកងទ័ពថៃ មិនទាន់ទាត់ចោលសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នោះទេ។ ចំណុចនេះ គឺស្របគ្នានឹងរាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាគន្លឹះក្នុងការដោះស្រាយបញ្ហាព្រំដែនដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នាឱកាសអញ្ជើញបើក ការ ដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។

បើតាមការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មកដល់ម៉ោងនេះ ទោះមានការខុសគ្នាលើដីមួយចំនួន ប៉ុន្តែកម្ពុជានិងថៃក៏មានចំណុចរួមមួយចំនួនដែរ ដែលបានបង្ហាញថា ប្រទេសទាំងពីរនៅតែអាចដើរទៅមុខ ដោយការនិយាយគ្នាបាន។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «បើយើងលេងត្រូវគ្នាទាំងអស់បានទ្វារវាបិទ ប៉ុន្តែបើយើងត្រូវគ្នាលើចំណុចគន្លឹះខ្លះ យើងអាចថា វាដើរទៅមុខ។ ចំណុចអ្វីខ្លះដែលរួមទី១ ជំហររបស់កម្ពុជា គឺដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ស្របតាមសន្ធិសញ្ញាអន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ នេះជាគោលការណ៍ដោះស្រាយរបស់យើងដោយសន្តិវិធី។ ម្សិលម្ង៉ៃ រដ្ឋាភិបាលថ្មីរបស់ឯកឧត្តម អនុទីន ប្រកាសគោលនយោបាយទី៩. ដែលប្រកាសពាក់ព័ន្ធនឹងព្រំដែនកម្ពុជាថៃ បន្តខិតខំដោះស្រាយបញ្ហាកម្ពុជាថៃ តាមសន្តិវិធី និងយន្តការទ្វេភាគីដែលមានស្រាប់។ នេះជាចំណុចរួមមួយ ដែលយើងមាន»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ចំណុចទី២ កម្ពុជាគោរពកិច្ចព្រមព្រៀងដែលមានស្រាប់រួមទាំង កិច្ចព្រមព្រៀងគួឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា និងការប្រកាសរួមថ្ងៃទី២៧ ខែធ្នូ។ មកដល់ម៉ោងនេះទាំងរដ្ឋាភិបាលថៃ ទាំងយោធាថៃ អត់ទាន់មានប្រកាសទាត់ចោលនូវសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូនោះទេ មានតែបញ្ជាក់ហើយបញ្ជាក់ទៀតថា គេនៅគោរព»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបន្ថែមថា ជំហរទាំងពីរនេះ ជាជំហររួមគ្នា ដែលត្រូវការដោះស្រាយបញ្ហាព្រំដែន តាមច្បាប់ និងបច្ចេកទេស ដើម្បីឆាប់ចប់ ដោយមិនទៅរំពឹងអ្វីឆ្ងាយលើសពីនេះឡើយ។

សូមជម្រាបថា សេចក្តីថ្លែងការណ៍រួម កម្ពុជា-ថៃ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសទទួលស្គាល់ពីសារៈសំខាន់នៃការធ្វើកិច្ចពិភាក្សា ស្តីពីដំណោះស្រាយជម្លោះដោយសន្តិវិធីក្នុងបរិយាកាសនៃជំនឿទុកចិត្តគ្នា ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមកស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ សំដៅបើកផ្លូវសម្រាប់ជំពូកថ្មីនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ បើទោះបីជានៅមានសង្ឃឹមត្រឹមតែ១ភាគរយ ក៏កម្ពុជានៅតែអត់ធ្មត់ប្រើប្រាស់យន្តការដោះស្រាយជម្លោះ តាមរយៈការទូត  ដើម្បីបញ្ចៀសកុំមានការបង្ហូរឈាម

(តាកែវ) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ  បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា យន្តការការទូត គឺជាជម្រើសអទិភាព ដែលរដ្ឋាភិបាលប្រើប្រាស់ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ បើទោះបីជាជម្រើសនេះ នៅមានសង្ឃឹមត្រឹមតែ១ភាគរយក៏ដោយ ក៏សម្តេចនៅតែប្រឹងប្រែងប្រើប្រាស់យន្តការនេះ  ដើម្បីបញ្ចៀសកុំមានការបង្ហូរឈាម និងការបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ។

សម្តេចបវរធិបតី បានមានប្រសាសន៍ថា យន្តការដោះស្រាយការរយៈការទូត និង តាមផ្លូវច្បាប់ដោយសន្តិវិធី អាចមានជម្រើសច្រើន ក្នុងនោះអាចជាយន្តការទ្វេភាគី, យន្តការតំបន់(អាស៊ាន) និងយន្តការអន្តរជាតិ(UN និង តុលាការអន្តរជាតិ)។ នាពេលបច្ចុប្បន្ននេះ រាល់ជម្រើសទាំងអស់នេះ នៅមិនទាំងបិទទ្វារសម្រាប់កម្ពុជានៅឡើយទេ។

លោកបានសង្កត់ធ្ងន់ថា  បើទោះបីជាការប្រើប្រាស់ជម្រើសដោះស្រាយតាមយន្តការការទូតនេះ ត្រូវប្រើពេលយូរបន្តិចក៏ដោយ ប៉ុន្តែកម្ពុជាត្រូវតែអត់ធ្មត់។

សម្តេចបវរធិបតីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ៊ីចឹងការដោះស្រាយ ដោយសន្តិវិធី គឺជាអ្វីដែលរាជរដ្ឋាភិបាលត្រូវធ្វើ ដើម្បីបង្កើនការការពារអធិបតេយ្យភាពជាតិ ជម្រើសដែលមិនបង្ហូរឈាមគ្រប់យន្តការ និងមធ្យោបាយទាំងអស់ ដែលអទិភាពធំបំផុត គឺយន្តការដែលមិនបង្ហូរឈាម មិនស្លាប់ បើសិនជាយន្តការនេះនៅមានសង្ឈឹមក្នុងការដោះស្រាយ។ ខ្ញុំប្រាប់គេថា បើសិនជាយន្តការកាទូតនៅសល់តែមួយភាគរយ ដែលអាចដោះបាន ដោយមិនទាន់បិទផ្លូវឬងាប់នោះទេ គឺខ្ញុំត្រូវតែព្យាយាមធ្វើឱ្យអស់លទ្ធភាពសិន យើងមិនអាចបោះបង់ចោល យកអាយុជីវិតប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិ ការបំផ្លិចបំផ្លាញនោះទេព្រោះវាវេទនាណាស់រួចទៅហើយ ហើយវ៉ៃគ្នាមិនចេះចប់ទេ សងទៅសងមក មិនចេះចប់ទេ»

សម្តេចបវរធិបតី បានបញ្ជាក់ថា ការជ្រើសរើសប្រើប្រាស់ជម្រើសនេះជាអទិភាពចម្បង ព្រោះសម្តេចមិនចង់ឃើញមានការប្រយុទ្ធគ្នា ការបំផ្លិចបំផ្លាញផ្ទះសម្បត្តិ ទ្រព្យសម្បត្តិ និងការបាត់បង់អាយុជីវិតពលរដ្ឋាស៊ីវិល ឡើយ ខណៈការផ្ទុះអាវុធទាំងពីរលើកនេះ បានធ្វើឱ្យជីវិតប្រជាពលរដ្ឋស៊ីវិលជាច្រើននាក់ ក្រៅពីយោធា នគរបាល កងរាជអាវុធហត្ថ បានរងរបួសនឹងស្លាប់ច្រើននាក់។ ហើយជាមួយគ្នានេះ សាលារៀនខ្លះត្រូវបំផ្លាញស្ទើទាំងស្រុង។

សម្តេចបានបន្ថែមថា ប្រសិនបើមានការផ្ទុះអាវុធជាថ្មីម្តងទៀត ផ្ទះ៣ពាន់ខ្នងដែលបានសាងសង់សម្រាប់ជនភៀសសឹកនេះ នឹងត្រូវបានកម្ទេចថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង