ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចមហាបវរធិបតីសង្ឃឹមថាភាគីថៃនឹងបន្ដគោរពតាមខ្លឹមសារនៃសេចក្ដីប្រកាសរួម GBC ពាក់ព័ន្ធវាស់វែងនិងខ័ណ្ឌសីមាព្រំដែន

162

ភ្នំពេញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ចាប់តាំងពីបទឈប់បាញ់នៅខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះទាំងភាគីកម្ពុជា និងភាគីថៃ តែងតែប្រកាសជំហរគោរពខ្លឹមសារ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ 

ក្នុងន័យនេះ កម្ពុជាសង្ឃឹមថា ភាគីថៃ នឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ ដែលចែងថា៖

«ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទី ឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ 

ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់ នៃគណៈកម្មការចំរុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ»។

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការចំរុះព្រំដែនទាំងពីរអាចចាប់ផ្តើមអនុវត្តការងារវាស់វែងបានឆាប់រហ័ស តាមស្មារតីដែលបានឯកភាពគ្នាក្នុងសេចក្តីប្រកាសរួម (ចំណុចទី៣) ប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅរកការខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនច្បាស់លាស់រវាងប្រទេសទាំងពីរដោយសន្តិវិធី ដែលជាមូលដ្ឋានសម្រាប់កសាងសន្តិភាពយូរអង្វែង និងអោយប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែននៃទាំងពីរប្រទេសអាចរស់នៅដោយសេចក្តីសុខ។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ៕

អត្ថបទដែលជាប់ទាក់ទង