ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយះពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ  និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ចំនួនជាង៤លាន៣សែននាក់ដោយសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាពប្រកបដោយសុខសុវត្ថិភាព

157

ភ្នំពេញ៖ រយះពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ចូលរួមអបអរសាទរដែលមានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី មកដើរលេងកម្សាន្តនៅភ្នំពេញមានចំនួននជាង៤លាន៣សែននាក់ ពោរពេញដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាពប្រកបដោយសុខសុវត្ថិភាព ។

តាមការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការរងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧មេសា ឆ្នាំ២០២៦នេះថា នៅតាមទីតាំងរៀបចំទាំង៦ទីតាំង និងអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ យ៉ាងច្រើនកុះករ បន្ថែមពីនេះនៅតាមទីវត្តអារាម និងបណ្តាខណ្ឌទាំង១៤ ក៏មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដូចគ្នាដែរ ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា សម្រាប់រយះពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំពោលថ្ងៃទី១៤ដល់១៦ខែមេសា ឆ្នាំ២០២៦គឺថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី នៅរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន៩៨៣,០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧,០៦៨នាក់ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត ១,៥៦៥,៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់និងសម្រាប់ថ្ងៃទី៣មានចំនួន ១,៨២៧,៩៩០នាក់ ។លោកស្រីបន្តទៀតថា៖នេះបានបង្ហាញឱ្យឃើញថា ការរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញ បានផ្តល់ភាពសប្បាយរីករាយ និងកក់ក្តៅលើសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាសុខសុវត្ថិភាពជូនពលរដ្ឋយ៉ាងល្អប្រសើរ ។បន្ថែមលើនេះ ទាក់ទិននឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ មានភាពល្អប្រសើរ ប្រជាពលរដ្ឋដើរលេងកម្សាន្តដោយសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពោលពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់ធំដុំឡើយ ។

ក្នុងនោះដែរឯកឧត្តម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេលបីថ្ងៃនេះបានប្រព្រឹត្តទៅដោយរលូន និងមិនមានបញ្ហាអ្វីកើតឡើងនោះទេ ខណៈកម្លាំងសមត្ថកិច្ច បានដាក់ពង្រាយការពារសន្តិសុខយ៉ាងតឹងរឹងគ្រប់ពេលវេលា ។ 

សូមបញ្ជាក់ថា ឆ្នាំនេះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើង រយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង