ថ្ងៃចុងក្រោយ នៃព្រឹត្តិការណណ៍ «នគរសង្ក្រាន្ត »រាជធានីភ្នំពេញ ទទួលបានមានភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តជាង១លាន៤សែននាក់,បើសរុបទាំង៦ថ្ងៃប្រមាណ៩លាននាក់, មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាល ជូនមហាជនជាង២ពាន់នាក់
ភ្នំពេញ៖ នៅថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍«នគរសង្ក្រាន្ត » រាជធានីភ្នំពេញ ទទួលបានមានភ្ញៀវជាតិ និងអន្តរជាតិ ជាង១លាន៤សែននាក់ ,បើគិតទាំង៦ថ្ងៃមានប្រមាណ៩លាននាក់បានចូលរួមអបអរសាទរ និងលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព។
តាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការរងនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ត្រូវថ្ងៃទី១៩ មេសា មានភ្ញៀវជាតិ និងអន្តរជាតិ រួមជាមួយប្រជាពលរដ្ឋ មកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ បានមកដើរលេងកម្សាន្តនិងចូលរួមអបអរសាទរ សរុបចំនួន១,៤៤០,៧១២នាក់ ក្នុងនោះប្រជាពលរដ្ឋ មកដើរលេងកម្សាន្តចំនួ១,៤១៧,៤៨០នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ២៣,២៣២នាក់។
លោកស្រី ដោ សម្ផស្ស បានឱ្យដឹងទៀតថា ទោះបីពិធីបុណ្យចូលឆ្នាំថ្មី បានបញ្ចប់ទៅក៏ដោយ ប៉ុន្តែសម្រាប់ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នៅតែបន្តទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រមាណជាង១លាននាក់ រៀងរាល់ថ្ងៃ ពោលនៅថ្ងៃទី១៧ មានចំនួន ១,៣៨៤,៥១១នាក់ សម្រាប់ថ្ងៃទី១៨ មានចំនួន ១,៥៥៧,២៥០នាក់ និងថ្ងៃទី១៩ មានចំនួន ១,៤១៧,៤៨០នាក់ បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ។
ដោយឡែករយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» កន្លងមកនេះ នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្ត រហូតដល់ជាង៤លាននាក់ ពោរពេញដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព ប្រកបដោយសុខសុវត្ថិភាព។ ក្នុងនោះ សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន៩៨៣,០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧,០៦៨នាក់ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត ១,៥៦៥,៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់ និងសម្រាប់ថ្ងៃទី៣មានចំនួន ១,៨២៧,៩៩០នាក់ ។ នេះបើតាមលោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែម ។
សរុប៦ថ្ងៃ ទាំងពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍នរគសង្ក្រាន ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ចូលរួមសហការដោយរដ្ឋបាលរាជធានីភ្នំពេញ នៅរាជធានីភ្នំពេញ ទាំង៦ទីតាំង និងអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ជិត៩លាននាក់ ។
ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ៦ថ្ងៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាល ជូនមហាជនជាង២ពាន់នាក់ លើករណីស្រាលៗផ្សេងៗគ្នា។រយៈពេល៦ថ្ងៃ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកម្លាំងមន្ត្រីសុខាភិបាល ប្រចាំការការពារសុខភាព ជូនមហាជន ចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក្នុងនោះបានពិនិត្យ និងព្យាបាល ជំងឺស្រាលៗចំពោះករណីផ្សេងៗគ្នា បាន ចំនួន២៣៧៩នាក់ ។
លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងដែរថា ក្រៅពីការយកចិត្តទុកដាក់អំពីសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងសុវត្ថិភាព របៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ក៏ដូចជាអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិហើយនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានយកចិត្តទុកដាក់ ចំពោះសុខមាលភាព ប្រជាពលរដ្ឋផងដែរ ។
ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជន កម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ ការអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ ដែលបានប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ មានក្រុមប្រចាំការតង់សង្គ្រោះបឋម ចំនួន ១០កន្លែង (កម្លាំង ៥០នាក់/១ថ្ងៃ), ក្រុមរថយន្តយន្តគិលានសង្គ្រោះ ចំនួន ១២ក្រុម/១ថ្ងៃ (កម្លាំង ៣៦នាក់/១ថ្ងៃ), ក្រុមចល័តក្នុងហ្វូងមហាជន ចំនួន ២៦ក្រុម (កម្លាំង ៥២នាក់/១ថ្ងៃ) និងប៊ូតសង្គ្រោះបឋមចំនួន ចំនួន១កន្លែង/១ថ្ងៃ (អាកាសយានដ្ឋានពោធិ៍ចិនតុង) មានកម្លាំង ៣នាក់/១ថ្ងៃ និងគណៈកម្មការសម្របសម្រួល ចំនួន ៦៥នាក់/១ថ្ងៃ ។
តាមការបញ្ជាក់របស់មន្ទីរ កម្លាំងប្រចាំការសរុបក្នុងមួយថ្ងៃចំនួន ១៩៤នាក់ ក្នុងនោះសរុបរួមកម្លាំងប្រចាំការ ក្នុងអំឡុងព្រឹត្តិការណ៍នគរសង្ក្រាន្ត មានចំនួន ១,៣២៨នាក់ក្នុង១ថ្ងៃ ។
ជាមួយនឹងការប្រចាំការសង្គ្រោះនេះ មន្ទីរសុខាភិបាល បានផ្តល់សេវាជូនមហាជន ដែលបានមកទទួលសេវាពិនិត្យ ព្យាបាល និងសង្គ្រោះបឋម នៅតាមគោលដៅតង់សង្គ្រោះបន្ទាន់បឋម ក្នុងអំឡុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត មានចំនួន២,៣៧៩នាក់ ដែលមាន មានករណីផ្សេងៗដូចខាងក្រោម៖
-ករណីពិនិត្យ និងផ្តល់ឱសថសម្រាប់ព្យាបាលជំងឺ មានចំនួន ១,៨២៩នាក់។
-ករណីរបួសស្រាល បានធ្វើការលាងរបួស រុំបង់ និងផ្តល់ឱសថមានចំនួន ១៦២នាក់។
– ករណីខ្យល់ចាប់មានចំនួន ៨៨នាក់។
-ករណីផ្សេងៗដូចជារមួលក្រពើ គ្រិចផ្លោះ រមាស់ ឈឺធ្មេញមានចំនួន ២៣៦នាក់។
-ករណីសង្គ្រោះបឋមមានចំនួន ៥៣នាក់។
-ករណីអ្នកជំងឺមានអាការៈមិនសូវល្អ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ១១នាក់។
ទន្ទឹមនឹងនេះ ទាក់ទិននឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ ក៏មានភាពល្អប្រសើរ ប្រជាពលរដ្ឋដើរលេងកម្សាន្ត ដោយភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពោលគឺពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់ធំដុំឡើយ។
ជាមួយគ្នានេះដែរក៏មានការអរគុណនិងកោតសរសើរដល់អាជ្ញាធរនិងគណៈអភិបាលរាជធានីភ្នំពេញដែលដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញក្នុងរយះពេល៦ថ្ងៃនៃព្រឹត្តិការណ៌«នគរសង្ក្រាន»នៅរាជធានីភ្នំពេញពីថ្ងៃ១៤រហូតដល់ថ្ងៃទី១៩មេសា
២០២៦បានរៀបចំសណ្តាប់ធ្នាប់សាធារណៈជាពិសេសជូនប្រជាពលរដ្ឋអាចដើរកម្សាន្តដោយសេចក្តីសុខហើយមានការមើលថែការពារសន្តិសុខសណ្ដាប់បានយ៉ាងល្អ ពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធរដែនដីរបស់យើង៕
