ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ឱ្យលុបពាក្យ“Scambodia” ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់

109

ភ្នំពេញគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia” ត្រូវលុបចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់ និងចេញការកែតម្រូវ ឬការបំភ្លឺ ដែលឆ្លុះបញ្ចាំងពីការរាយការណ៍ដែលត្រឹមត្រូវ និងមានតុល្យភាព។

ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើលឡើងថា៖ «បញ្ហា Scam Online ជាបញ្ហាសាកលដែលប្រទេសទាំងអស់នៅក្នុងសាកលលោកក៏ដូចជានៅក្នុងតំបន់រួមគ្នាប្រយុទ្ធទប់ស្កាត់។ ឧក្រិដ្ឋជន online scams និងមន្ត្រីឃុបឃិតប្រព្រឹត្តអំពើឆបោកគឺជារឿងមួយដាច់ដោយឡែកផ្សេងពីគ្នា តែអ្នកឯងដាក់ឈ្មោះបង្ខូចកេរ្តិ៍ឈ្មោះប្រទេសរបស់ខ្ញុំដែលមានប្រជាជនជិត ១៨លាននាក់ គឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ប្រទេស និងជាតិសាសន៍របស់ខ្ញុំ»

ឯកឧត្ដមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបន្តថា នៅក្នុងអត្ថបទមួយរបស់សារព័ត៌មាន The Wall Street Journal កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជាការបង្ហាញពីកង្វះវិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន ដែលអាចនាំឱ្យមានការយល់ច្រឡំ ការរើសអើង ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងកិត្តិយសប្រទេស និងប្រជាជនកម្ពុជា ជិត១៨លាននាក់ ដែលត្រូវបានធានាការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី កែវ រ៉េមី លើកឡើងថា សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ពិតជាមានតួនាទីសំខាន់ណាស់នៅក្នុងសង្គម ប៉ុន្តែសេរីភាពទាំងនេះត្រូវតែអនុវត្តដោយការទទួលខុសត្រូវ និងការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គល ដូចមានចែងក្នុងសេចក្ដីប្រកាជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាដើម។ 

ឯកឧត្ដមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ថា ចំណងជើងព័ត៌មាន ថ្វីត្បិតតែដើម្បីទាក់ទាញការចាប់អារម្មណ៍ តែមិនគួរក្លាយទៅជាការលាបពណ៌ ការបំផ្លើស ការបំភ្លៃហួសពីការពិតនោះទេ ដែលការណ៍នេះ នឹងធ្វើឱ្យបាត់បង់ជំនឿជាក់ និងគុណតម្លៃនៃសេរីភាពសារព័ត៌មានជាមិនខានឡើយ។ សិទ្ធិមនុស្ស ជាពិសេស សិទ្ធិមានកិត្តិយស សេចក្ដីថ្លៃថ្នូរ និងទទួលបាននូវការគោរព គឺជាសេចក្ដីប្រាថ្នារបស់បុគ្គលគ្រប់រូប ហើយមិនគួរទទួលរងនូវការប្រមាថមើលងាយក្នុងរូបភាពណាមួយឡើយ តួយ៉ាងដូចជាការប្រើប្រាស់ពេចន៍ផ្សេងៗនៅក្នុងអត្ថបទសារព័ត៌មាន ឬសេចក្ដីរាយការណ៍ណាមួយ។ 

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្ថែមថា ដោយមើលឃើញពីការរំលោភ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយសនិងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រទេសនិងប្រជាជនកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(....) បានស្នើទៅកាន់ The Wall Street Journal ដូចខាងក្រោម៖ 

-លុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់
-ចេញការកែតម្រូវ ឬការបំភ្លឺ ដែលឆ្លុះបញ្ចាំងពីការរាយការណ៍ដែលត្រឹមត្រូវ និងមានតុល្យភាព
-ជៀសវាងការប្រើប្រាស់ពាក្យពេចន៍ប្រមាថនៅក្នុងការផ្សាយនាពេលអនាគត
-ធ្វើការសុំទោសជាផ្លូវការចំពោះការប្រើប្រាស់ចំណងជើង
-កែសម្រួលចំណងជើងឡើងវិញ ដើម្បីឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ មានតុល្យភាព និងមិនធ្វើឱ្យមានការរើសអើងនៅក្នុងបញ្ហា៕

អត្ថបទដែលជាប់ទាក់ទង