មន្ទីរសាធារណការខេត្តព្រះវិហារធ្វើការជួសជុលថែទាំផ្លូវជាតិលេខ ៩២ ដើម្បីបង្កើនសុវត្ថិភាពនិងងាយស្រួលក្នុងការធ្វើដំណើរ
ព្រះវិហារ៖នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពជួសជុលផ្លូវជាតិលេខ ៩២ ក្នុងភូមិសាស្ត្រស្រុកឆែប។ ការងារនេះមានគោលដៅបង្កើនល្បឿន និងសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងនាថ្ងៃទី២៤
មេសាថា៖ក្រុមការងារបានអនុវត្តការងារ កៀរសម្រួល ថែមដីល្បាយថ្ម និងកិនបង្ហាប់តាមបច្ចេកទេស នៅលើកំណាត់ផ្លូវជាតិលេខ ៩២ ត្រង់ចន្លោះគីឡូម៉ែត្រ គម ៤៥+០០០ ដល់ គម ៥៣+០០០។
លោកប្រធានបន្ដថា៖ការជួសជុលនេះជាផ្នែកមួយនៃផែនការថែទាំផ្លូវជាប្រចាំ ដើម្បីធានាថាផ្លូវនៅតែមានគុណភាពល្អ និងអាចប្រើប្រាស់បានយូរអង្វែង៕
