សម្តេចតេជោ ៖រាជរដ្ឋាភិបាល បានប្រឹងប្រែងក្នុងការផ្គត់ផ្គង់ប្រេងដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលរហូតមក ដល់ពេលនេះនៅតែមានប្រេងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់,បាន
កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក
ត្បូងឃ្មុំ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះ មហាក្សត្រ បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការដោះស្រាយ បញ្ហាជនភៀសសឹក បានលឿនរហ័ស និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ ដឹក នាំ មន្ទីរអង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការវិវត្តន៍នៃសភាពការតំបន់ ក៏ដូចជាសភាព ការណ៍ នានានៅក្នុងប្រទេសកម្ពុជាផងដែរ។ សភាពការណ៍ក្នុងប្រទេសសម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ពីការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់រាជរដ្ឋាភិបាល លើបញ្ហាប្រេងឥន្ធនៈ និងបញ្ហារបស់ជនភៀសសឹកផងដែរ។
លើបញ្ហាប្រេងឥន្ធនៈ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាល បានប្រឹងប្រែងក្នុងការផ្គត់ផ្គង់ប្រេងដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលរហូតមក ដល់ពេលនេះនៅតែមានប្រេងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ទន្ទឹមនឹងការប្រឹងប្រែងរក ប្រភពប្រេងមកផ្គត់ផ្គង់ប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ក៏បានកត់សម្គាល់ពីការ ប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ដាក់ចេញវិធានការនានា ដូចជាការមិនយកពន្ធគយ ការ បញ្ចុះពន្ធអាករ និងពន្ធអាករពិសេសជាដើម ដើម្បីរក្សាតម្លៃប្រេង មិន ឱ្យ ហក់ឡើង ខ្ពស់ ពេក។
ក្រៅពីកត់សម្គាល់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រេងឥន្ធនៈហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានកត់សម្គល់ពីសមត្ថភាពរបស់រាជរដ្ឋាភិបាល លើការដោះស្រាយបញ្ហារបស់ជនភៀសសឹកផងដែរ។ សម្តេចតេជោ បានមើលឃើញថា ចាប់តាំងពីពេលមានបញ្ហាព្រំដែនមក ទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងមន្ត្រីជាសេនាធិការ បានយកចិត្តទុកដាក់ខ្ពស់ ហើយចាត់ចែងបានល្អ លើបញ្ហាជនភៀសសឹក ដូចជាការរៀបចំទីជម្រកបណ្តោះអាសន្ន ការផ្គត់សម្ភារប្រើ ប្រាស់ ស្បៀងអាហារ ព្រមទាំងការសិក្សារបស់កូនចៅប្រជាពលរដ្ឋភៀសសឹកជាដើម។
ពាក់ព័ន្ធបញ្ហាជនភៀសសឹកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការពេញចិត្ត ចំពោះ រាជរដ្ឋាភិបាល ដែលបានរៀបចំសាងសង់ផ្ទះបណ្តោះអាសន្នជូនប្រជាពលរដ្ឋ ភៀស សឹករាប់ពាន់ខ្នងក្នុងរយៈពេលដ៏ខ្លី។ សម្រាប់សម្តេចតេជោ ការប្រឹងប្រែងដោះ ស្រាយបញ្ហាទាំងនេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយក៏ជាការស្តែងឱ្យឃើញនូវសមត្ថភាពរបស់រាជ រដ្ឋាភិបាល ក្នុងការដោះស្រាយ លើបញ្ហាដែលកើតឡើងដោយឥតគ្រោងទុកផងដែរ។
ក្រៅពីបញ្ហាខាងលើនេះទៅ ក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំសរុបជិត៩០០នាក់នេះ សម្តេច តេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញមកជួបជាមួយ ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តត្បូងឃ្មុំ ជាថ្មី។ សម្តេចតេជោ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ ដែលបាន ខិត ខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេស ការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។
ការជំរុញមន្ត្រីនៅមូលដ្ឋានយកចិត្តទុកដាក់បម្រើជាតិ និងប្រជាជន គឺអាទិភាពមួយនៃ ដំណើរ ចុះជួបមន្ត្រីនៅតាមខេត្ត។ ជំនួបនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បន្ត ណែ នាំដល់មន្ត្រីរាជការ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងខេត្តត្បូងឃ្មុំ ឱ្យបន្តយកចិត្ត ទុក ដាក់បំពេញ តួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយក ចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស ចៀសវាងបង្ក នូវ បញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ក៏បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។
សម្ដេចតេជោ ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុង ការថែ រក្សា ធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការ ថែរក្សាឲ្យបានគង់វង្ស។ ទន្ទឹមនេះ សម្ដេចតេជោ ក៏ណែនាំអាជ្ញាធរត្រូវយក ចិត្តទុកដាក់ ដោះ ស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេស ការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តត្បូងឃ្មុំ ទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់៕
