ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាល​រាជធានីភ្នំពេញ​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​សន្ទនា​រវាង​ទីក្រុង​តូក្យូ​ និង​បណ្ដា​ទីក្រុង​នៃ​ប្រទេស​អាស៊ាន​ ដេីម្បី​ចីរភាព​(TOKYO-SEADS) 

105

ក្រុងតូក្យូ៖នារសៀល​ថ្ងៃទី​២៩​ ខែមេសា​ ឆ្នាំ​២០២៦​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​សន្ទនា​រវាង​ទីក្រុង​តូក្យូ​ និង​បណ្ដា​ទីក្រុង​នៃ​ប្រទេស​អាស៊ាន​ ដេីម្បី​ចីរភាព​(TOKYO-SEADS) ដែល​កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ឡេីង​ បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​លេីកទី៣​ នៃ​បណ្ដា​ញ​ទីក្រុង​សកល​សម្រាប់​ចីរភាព​ G-NETS បាន​បញ្ចប់​ដោយ​ជោគជ័យ​។ 

ពី​ទីក្រុង​តូក្យូ​ លោកស្រី​ ដោ​ សម្ផស្ស​ នាយិការងង​រដ្ឋបាល​ និងជា​អ្នក​នាំពាក្យ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​កិច្ច​សន្ទនា​នេះ​លោកជំទាវ​អភិបាល​ក្រុង​តូក្យូ​ និង​អភិបាល​ ឬ​តំណាង​រាជធានី​-ក្រុង​នានា​នៃ​បណ្ដា​ប្រទេស​អាស៊ាន​បាន​ធ្វេី​បទបង្ហាញ​លេី​ប្រធានបទ​​ស្តីពី​ “វិធានការ​ទប់​ទល់​នឹង​ខ្យល់​ព្យុះ​ ទឹក​ជំនន់​ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​ទីក្រុង​”​ សម្រាប់​ទីក្រុង​របស់​ខ្លួន​។​ ក្នុង​នាម​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណះអភិបាល​រាជធានី​ភ្នំពេញ​ ឯកឧត្ដម​ សេង​ វណ្ណៈ​  អភិបាលរង​ បាន​ធ្វើ​បទបង្ហាញ​ស្តីពី​”ភាព​ធន់​ និងការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​ ដេីម្បី​ចីរភាព​ និង​បរិយាប័ន្ន​”។ 

លោកស្រី​អ្នក​នាំពាក្យ​បាន​បន្តទៀត​ថា​ បន្ទាប់​ពី​ធ្វើបទបង្ហាញ​ និងការ​ចូលរួម​មតិ​យោបល់​ដេីម្បី​ផ្លាស់ប្ដូរ​ និង​ចែករំលែក​បទពិសោធន៍​រវាង​ទីក្រុង​នីមួយៗរួមមាន​ (ទីក្រុង​តូក្យូ​ និង​ទីក្រុង​ក្នុង​តំបន់​អាស៊ាន​​​)​ រួចមក​លោកជំទាវ​អភិបាល​ក្រុង​តូក្យូ​បាន​ដាក់​ជូន​អង្គ​ប្រជុំ​ពិនិត្យ​ និង​អនុម័ត​លេី​សេចក្ដី​ព្រាង​សេចក្ដី​ថ្លែងការណ៍​រួម​នៃ​កិច្ច​សន្ទនា​រវាង​ទីក្រុង​តូក្យូ​ និង​បណ្តា​ទី​ក្រុង​នៃ​ប្រទេស​សមាជិក​អាស៊ាន​ ដេីម្បី​ចីរភាព​ Tokyo-Southeast Asia Capitals Dialogue for Sustainability Joint Statement ហៅកាត់ថា​ (TOKYO-SEADS)​ ដោយ​ផ្តោត​លើ​ប្រធានបទ​សំខាន់​គឺ​ “វិធានការ​ទប់​ទល់​នឹង​ខ្យល់​ព្យុះ​ និង​ទឹក​ជំនន់​ និងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​ទីក្រុង​ ដេីម្បី​​បង្កើត​ទីក្រុង​ប្រកប​ដោយ​ភាព​ធន់​ និង​ចីរភាព”។ 

មុននឹង​បញ្ចប់​ លោកជំទាវ​អភិបាល​ក្រុង​តូក្យូ​ក៏បាន​ជម្រាប​ជូនអំពី​កម្មវិធី​នៃ​កិច្ច​ប្រជុំ​មន្ត្រី​​បច្ចេកទេស​ជាន់ខ្ពស់​របស់​ G-NETS នឹង​គ្រោង​នឹងរៀបចំ​ធ្វើ​ឡើង​នៅ​ខែ​ឧសភា​ ឆ្នាំ​២០២៧​ និង​កិច្ច​ប្រជុំ​កំពូល​លេីកទី​៤​ របស់​ G-NETS នឹង​ធ្វើ​នៅឆ្នាំ​២០២៨​ ហើយ​លោកស្រីអភិបាល​ក្រុងបាន​​អញ្ជើញ​ឯកឧត្តម​ លោកជំទាវ​អភិបាល​រាជធានី​-ក្រុង​ និង​មន្ត្រី​ជាន់​ខ្ពស់​ពាក់ព័ន្ធ​ទាំង​អស់​ ចូលរួម​ក្នុង​ប្រជុំ​ដ៏មាន​សារ:សំខាន់​ទាំង​នោះ​បន្ត​ទៀត​៕​

អត្ថបទដែលជាប់ទាក់ទង