ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព»

145

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព»។ 

បងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាទីស្រឡាញ់រាប់អាន!

ក្នុងឱកាសនៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី៣៣ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និង សូមវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគ្រប់អង្គភាព សារព័ត៌មានទាំងបែបប្រពៃណី និងបែបទំនើបទាំងអស់ ដែលបាននិងកំពុងបំពេញតួនាទីដ៏សំខាន់ក្នុង ការផលិត ផ្សព្វផ្សាយព័ត៌មានពិតបម្រើផលប្រយោជន៍សាធារណៈ និងបានរួមចំណែកក្នុងការអភិវឌ្ឍ សង្គមកម្ពុជា។ សារព័ត៌មានជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នៅក្នុងការកសាងសង្គមព័ត៌មានពិត ត្រឹមត្រូវ បង្កើនជំនឿទុកចិត្តសាធារណៈ និងការពារស្ថិរភាពសង្គម។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅ ចំពោះអ្នកសារព័ត៌មានទូទាំង ពិភពលោក ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីនិងភារកិច្ចដ៏សំខាន់ប្រកបដោយវិជ្ជាជីវៈ និងការទទួល ខុសត្រូវខ្ពស់។ ជាមួយគ្នានេះ ខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកសារព័ត៌មានដែលបាន បាត់បង់ជីវិត និងចូលរួមសោកស្តាយចំពោះអ្នកសារព័ត៌មានដែលបានទទួលរងរបួស នៅអំឡុងពេល ចុះបំពេញភារកិច្ចរបស់ខ្លួននៅលើពិភពលោក។

ក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត សេរីភាពសារព័ត៌មាន មិនមែនត្រឹមតែជា សិទ្ធិមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែជាសមត្ថភាពយុទ្ធសាស្ត្រមួយក្នុងការចូលរួមលើកកម្ពស់សន្តិសុខព័ត៌មាន និងត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ សុចរិតភាពវិជ្ជាជីវៈ ការទទួលខុសត្រូវសង្គម ការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។ ការធានាសុវត្ថិភាពព័ត៌មាន ការរក្សាព័ត៌មានសម្ងាត់ របស់ជាតិក្នុងកាលៈទេសៈនៃវិបត្តិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន មិនមែនជាការរឹតត្បិត សេរីភាពខាងសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយនោះទេ ប៉ុន្តែគឺជាការធានានូវ៖ ទី១. ការផ្តល់ ព័ត៌មានជូនប្រជាពលរដ្ឋ ទី២. ការធានាបាននូវសន្តិសុខព័ត៌មាន ដែលរួមមានសិទ្ធិទទួលបានព័ត៌មាន។

អត្ថបទដែលជាប់ទាក់ទង