សម្តេចបវរធិបតីហ៊ុនម៉ាណែតអបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល
ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។
សូមជម្រាបថា ព្រះរាជ ពិធីបុណ្យ ច្រត់ព្រះនង្គ័លក្នុងឆ្នាំនេះ គ្រោងរៀបចំនៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោម ព្រះរាជាធិ ប តី ភាព ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែដោយសារព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះប្រឈួន ទើបព្រះរាជពិធីបុណ្យនេះត្រូវបានផ្អាក ប្រារព្វពិធី។
ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីប្រពៃណីដ៏សំខាន់មួយរបស់កម្ពុជា ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ គោលបំណងសំខាន់នៃពិធីនេះ គឺដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេស តាមរយៈការបរិភោគចំណី៧មុខរបស់ គោឧសភរាជ និងជាការប្រកាសពី ការចាប់ផ្ដើមរដូវវស្សា សម្រាប់វិស័យកសិកម្មដល់ប្រជាកសិករ។
ព្រះរាជពិធីនេះតែងតែប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិធីត្រូវបានរៀបចំឡើងនៅតាមបណ្ដាខេត្តផ្សេងៗ ជំនួសឱ្យវាលព្រះមេរុដើម ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋបានចូលរួម ជាក់ស្ដែងនៅខេត្តកំពង់ធំក្នុងឆ្នាំ២០២៣ និងនៅខេត្តកំពង់ស្ពឺក្នុងឆ្នាំ២០២៤។
នៅប្រទេសឥណ្ឌាបុរាណ និងនៅព្រះរាជាណាចក្រកម្ពុជា ការប្រកបរបរ កសិ កម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគ ផលដំណាំដទៃៗទៀត។ ការបង្កើតផលិតផលស្រូវ អង្ករ ឬក៏ផលដំណាំ ផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាម រយៈព្រះរាជ ពិធី ខាង លើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គ «ស្តេច» ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ។ មានន័យថា ផលដំណាំពុំមែន ស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ចនោះទេ ពោលគឺប្រាកដ ជាបណ្តាលមកពីពិធីកម្មនេះឯង។
តាមទម្លាប់ព្រះរាជពិធីនេះ ធ្វើឡើងក្នុងការផ្សង មើលប្រថ្នូលរបស់ ស្រុក ទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ គោ១នឹម ដែល ទឹម ច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ» ក៏មានកំណត់ក្នុង លក្ខណៈ តាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច។ គោ២ នឹមទៀត ដែល សម្រាប់ ហែមុខហែរក្រោយឃើញថា មិនទាន់កំណត់លក្ខណៈ តែតាម ដែល ធ្លាប់ប្រើមក ហើយឃើញច្រើនតែសម្បុរក្រហម។ ឯ «គោឧសភរាជ» នោះវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿងគឺពាក់ ស្រោមមុខ ស្រោម ស្នែង និងពាក់សំពត់កម្រាល សម្បុរក្រហមលើខ្នងផង។ ឯព្រះ នង្គ័ល ទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយ អន្លើៗ ឯចន្ទោល ព្រះនង្គ័ល សម្រាប់អ្នកតំណាងព្រះអង្គនោះមាន លក្ខណៈ ពិសេស គឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿងបែបយ៉ាងពណ៌មាស។ នៅត្រង់កនាគមានភូធ្វើពីរោមសត្វសម្បុរ បែបភូទួន។
ទាក់ទិននឹងការផ្សងគោឧសភរាជ គឺព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យ អធិ ដ្ឋាន ផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យបរិភោគ និងផឹក អា ហារ៧ យ៉ាង ដែលរៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ ស្រូវ ១តុ គ្រាប់សណ្ដែក ១តុ គ្រាប់ពោត ១តុ គ្រាប់ល្ង ១តុ ស្មៅស្រស់ ១តុ ទឹក ១តុ ស្រា ១តុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្ដប្រោះ ក្បាល ព្រះគោទាំងពីរ ហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧស ភ រាជ ទាំងពីរទៅឱ្យបរិភោគ និងផឹក អាហារទាំង៧យ៉ាង។ គោឧសភរាជ ចូល ចិត្ដបរិភោគ និងផឹកអ្វី គេមិនបង្ខំឱ្យនោះឡើយ។ គោឧសភរាជបរិភោគ និងផឹកអ្វី ព្រាហ្មណ៍ក៏ទាយផលប្រផ្នូនៃភោគផលធ្វើស្រែចម្ការក្នុងឆ្នាំនេះ ទៅតាមការបរិភោគ ឬផឹក របស់គោឧសភរាជ៕ដកស្រង់ពីអង្គភាព Fresh news
