ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវបណ្ឌិត៖ថវិកាដែលសប្បុរសជនបរិច្ចាគជូនកាកបាទក្រហមកម្ពុជានឹងក្លាយទៅជាអង្ករជាម្ហូបអាហារនិងសម្ភារៈចាំបាច់ជួយដល់ប្រជាពលរដ្ឋជួបការលំបាកនៅទូទាំងប្រទេស

108

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានថ្លែងថាថវិកាដែលសប្បុរសជន បានបរិច្ចាគជូនកាកបាទក្រហម នឹងក្លាយទៅជាអង្ករ ជាម្ហូបអាហារ ជាទឹកស្អាត ជាថ្នាំពេទ្យ និងសម្ភារៈចាំបាច់ ឬជាជំនួយបន្ទាន់មួយកញ្ចប់ សម្រាប់ជួយដល់គ្រួសារនីមួយៗ ដែលកំពុងជួបការលំបាកនៅទូទាំងប្រទេស។ 

ការថ្លែងបែបនេះរបស់លោកជំទាវបណ្ឌិតបានធ្វើឡើងនៅក្នុងឱកាស អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុនសែន ជួបសំណេះសំណាល និងទទួលថវិកាពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថាគិតត្រឹមម៉ោង៨យប់ ថ្ងៃទី៥ ខែខែឧសភា ឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជាទទួលបានថវិការឧបត្ថម្ភពីសប្បុរសជនគ្រប់ជម្ឈដ្ឋានសរុបជិត ៩,០០០,០០០ លានដុល្លារអាមេរិក ដែលនេះគឺជាទឹកចិត្តរបស់សប្បុរសជន ក្នុងការចូលរួមបរិច្ចាគជួយដល់សង្គម ជួយដល់អ្នកដែលត្រូវការការជួយជាបន្ទាន់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា «ថវិកាដែលសប្បុរសជនបានបរិច្ចាគជូនកាកបាទក្រហម នឹងក្លាយទៅជាអង្ករ ជាម្ហូបអាហារ ជាទឹកស្អាត ជាថ្នាំពេទ្យ និងសម្ភារៈចាំបាច់ ឬជាជំនួយបន្ទាន់មួយកញ្ចប់ សម្រាប់ជួយដល់គ្រួសារនីមួយៗដែលកំពុងជួបការលំបាក។ លើសពីនេះទៅទៀត វាគឺជាកម្លាំងចិត្តមួយសម្រាប់ម្តាយម្នាក់ដែលកំពុងបារម្ភពីកូនៗ ជាក្តីសង្ឃឹមមួយសម្រាប់គ្រួសារជនពិការ ជាការលួងលោម និងការលើកទឹកចិត្តសម្រាប់គ្រួសារជនវាយក្មេង ជនវ័យចំណាស់ និងជាសារដ៏កក់ក្តៅមួយដែលសម្រាប់ប្រាប់ពួកគាត់ថា ពួកគាត់នឹងមិនត្រូវបានបោះបង់ចោលនោះទេ»។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសម្តែងនូវការគោរពដឹងគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនទាំងអស់ ដែលបាននិងកំពុងបន្តគាំទ្រដល់កាកបាទក្រហមកម្ពុជា ដែលគឺជាកម្លាំងមួយដ៏មានតម្លៃ ជួយឱ្យកាកបាទក្រហមកម្ពុជាអាចបន្តបេសកកម្មរបស់ខ្លួនដោយមានប្រសិទ្ធភាព និងនិរន្តរភាព។ លោកជំទាវបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមដ៏ប្រពៃនេះនឹងបន្តរីកចម្រើនតទៅមុខទៀត និងក្លាយជាជំនួយសម្រាប់សង្គមជាតិក្នុងការបន្តវប្បធម៌ចែករំលែក សាមគ្គីភាព និងការមិនទុកឱ្យនរណាម្នាក់ឈរតែម្នាក់ឯងនៅក្នុងគ្រាលំបាកឡើយ។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា នៅតែបន្តរង់ចាំទទួលស្វាគមន៍ចំពោះសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ដែលបន្តចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ព្រោះថាការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕

អត្ថបទដែលជាប់ទាក់ទង