រដ្ឋមន្រ្តីសុខាភិបាលណែនាំដល់ក្រុមគ្រូពេទ្យគិលានុបដ្ឋាកអ្នកអនាម័យទាំងអ្នកជំងឺអ្នកថែទាំអ្នកជំងឺក្រុមគ្រួសារអ្នកជំងឺត្រូវលាងដៃដើម្បីការពារនិងកាត់ផ្តាច់ការចម្លងរោគនៅក្នុងមន្ទីរពេទ្យ
ភ្នំពេញ៖ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំ និងគូសរំលឹកដល់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក អ្នកអនាម័យ ទាំងអ្នកជំងឺ អ្នកថែទាំអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ «ត្រូវលាងដៃ ដើម្បីការពារ និងកាត់ផ្តាច់ការចម្លងរោគនៅក្នុងមន្ទីរពេទ្យ»។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថាសារៈសំខាន់នៃការការលាងដៃ គឺ «ការលាងដៃគឺជាសុវជីធម៌, ដៃស្អាតជាសេចក្តីថ្លៃថ្នូ, ដៃស្អាតជាទំនុកចិត្ត, អនាម័យដៃជាសេចក្តីស្មោះត្រង់, មនុស្សល្អដៃស្អាតមានអនាម័យ, ដៃមិនស្អាត សូមកុំប៉ះពាល់កុំនាំឱ្យមានការឆ្លងរោគ ហើយចាត់ទុកការលាងដៃជាចាំបាច់ គឺជាអំពើសប្បុរស»។
ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី១៨ ទិវាអនាម័យដៃពិភពលោក ៥ ឧសភា ២០២៦ ក្រោមប្រធានបទ៖«ការសង្គ្រោះជីវិត តាមរយៈការធ្វើអនាម័យដៃ» នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។
ការរៀបចំទិវានេះឡើង គឺជាការឆ្លើយតបយ៉ាងសកម្មទៅនឹងបញ្ហាប្រឈមនៃរលកនៃការចម្លងរោគ នៅក្នុងមន្ទីរពេទ្យ និងការកើនឡើងនៃភាពធន់នឹងឱសថប្រឆាំងមេរោគ (AMR) ដែលជាបញ្ហាសុខភាពសាធារណៈសកល។ ការរៀបចំទិវានេះ ដើម្បីជាការជួបជុំគ្នា និងបំណងផ្លាស់ប្តូរអាកប្បកិរិយា ពង្រឹងការអនុលោមតាមគោលការណ៍អនាម័យដៃ ឱ្យកាន់តែមានប្រសិទ្ធភាព និងតាមទាន់បច្ចេកវិទ្យាឌីជីថល។
ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា អនាម័យដៃមិនមែនគ្រាន់តែជាកិច្ចការបច្ចេកទេសសុខាភិបាលប៉ុណ្ណោះទេ តែវាគឺជាសសរស្តម្ភដ៏សំខាន់ ក្នុងការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ យុទ្ធនាការនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាការយល់ដឹងជាសកលអំពីសារៈសំខាន់នៃអនាម័យដៃ និងការបង្ការការឆ្លងមេរោគ។ ការអនុវត្តអនាម័យដៃឱ្យបានត្រឹមត្រូវ គឺជាការវិនិយោគដែលមានប្រសិទ្ធភាពបំផុតសម្រាប់ប្រព័ន្ធសុខាភិបាល។
ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ជាយុទ្ធសាស្ត្រគន្លឹះ ចំនួន ៥ចំណុច ដើម្បីកសាងប្រព័ន្ធសុខាភិបាលដ៏រឹងមាំ និងឆ្លើយតបទៅនឹងគោលដៅសកលឆ្នាំ២០២៦ ដូចខាងក្រោម៖
១៖ ការបញ្ជ្រាបអនាម័យដៃទៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ ៖ ត្រូវបញ្ចូលសូចនាករអនាម័យដៃ ទៅក្នុងផែនការសកម្មភាពជាតិ ស្តីពីការបង្ការ និងគ្រប់គ្រងការឆ្លងមេរោគ និងផែនការយុទ្ធសាស្ត្រសុខាភិបាល។
២៖ ការពង្រឹងយន្តការតាមដាន និងវាយតម្លៃ៖ បង្កើតឱ្យមានប្រព័ន្ធតាមដានការអនុវត្តអនាម័យដៃ និងការផ្តល់មតិត្រឡប់ នៅគ្រប់មន្ទីរពេទ្យបង្អែកទាំងអស់ ដើម្បីវាស់វែងវឌ្ឍនភាព និងបញ្ហាប្រឈម។
៣៖ ការធានាចីរភាពនៃធនធាន និងហេដ្ឋារចនាសម្ព័ន្ធ៖ ធានាឱ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹក និងអនាម័យ ដែលជាគ្រឹះមិនអាចខ្វះបានសម្រាប់កិត្តិយស និងសមធម៌ក្នុងសេវាសុខាភិបាល។
៤៖ ការកសាងសមត្ថភាព និងវប្បធម៌សុវត្ថិភាព៖ ជំរុញឱ្យមានការអប់រំ និងការបណ្តុះបណ្តាល ជាប្រចាំដល់បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ អំពីបច្ចេកទេសកសាងវប្បធម៌ សុវត្ថិភាពអ្នកជំងឺ ដែលក្នុងនោះអនាម័យដៃ ត្រូវបានចាត់ទុកជាសកម្មភាពសង្គ្រោះជីវិត និងជាការទទួលខុសត្រូវរួមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក។
៥៖ ការវិនិយោគលើប្រសិទ្ធភាពសេដ្ឋកិច្ចសុខាភិបាល៖ ត្រូវយល់ដឹងថា ការចំណាយលើអនាម័យដៃ គឺជាការវិនិយោគ ដែលផ្តល់ផលចំណេញខ្ពស់ តាមរយៈការកាត់បន្ថយការចំណាយលើការព្យាបាលការចម្លងរោគ តាមរយៈការថែទាំសុខភាព និងកាត់បន្ថយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR)។
ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «ការធ្វើអនាម័យដៃ គឺដើម្បីសង្រ្គោះជីវិត» ហើយអាចបង្ការការពារការឆ្លងមេរោគក្នុងមន្ទីរពេទ្យបាន ប្រសិនបើយើងទាំងអស់គ្នា ធ្វើសកម្មភាពបានត្រឹមត្រូវ។ ដូច្នេះ ត្រូវខិតខំបញ្ជ្រាបការងារនេះ ទៅក្នុងគ្រប់កម្រិតនៃសេវាថែទាំសុខភាព ដើម្បីកាត់បន្ថយការគំរាមកំហែងពីការឆ្លងមេរោគដែលផ្សារភ្ជាប់នឹងការថែទាំសុខភាព ដែលតែងតែបង្កទុក្ខវិបាកដល់អ្នកជំងឺ និងគ្រួសារ។
សូមជម្រាបថាក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាល និងតំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា, Unicef និង Water-Aid និងនិស្សិតនៃ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សរុប ៣៦០នាក់ និងតាមប្រព័ន្ធតាមនូវមន្ទីរពេទ្យរាជធានី ខេត្ត ស្រុក និងប្រធានផ្នែកថែទាំនៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក សរុប ៣៧៦នាក់៕
