ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញបានព្រមានឲ្យលោក ឈុន លីម ម្ចាស់ភូមិគ្រឹះរុះរើសំណង់របស់ខ្លួនជាបន្ទាន់ក្រោយសង់រំលោភចូលច្រាំងទន្លេនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ

91

ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញ បានព្រមាន និងប្រាប់ឲ្យលោក ឈុន លីម ដែលសង់ភូមិគ្រឹះមួយកន្លែងរំលោភចូលច្រាំងទន្លេ នៅខណ្ឌជ្រោយចង្វារ ត្រូវរុះរើសំណង់ចេញជាបន្ទាន់។ នេះបើតាមការបង្ហោះសារលើ Facebook របស់ឯកឧត្ដមឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្ដម  ឃ្លាំង ហួត បានសរសេរថា «ជម្រាបជូនលោក ឈុន លីម ម្ចាស់សំណង់ភូមិគ្រឹះ ដែលមានទីតាំងស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតលេខ០៦៧/២៦ ឆត.រ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយឱ្យរដ្ឋបាលខណ្ឌជ្រោយចង្វារ កំណត់ឱសានវាទឱ្យលោកធ្វើការរុះរើសំណង់ ដែលលោកបានសាងសង់រំលោភលើដីច្រាំងទន្លេ និងក្នុងផ្ទៃទន្លេ ចេញវិញ។

ឯកឧត្ដម ឃ្លាំង ហួត បានបញ្ជាក់ថា ខ្ញុំមិនដឹងថា លោកបានទទួលការណែនាំពីរដ្ឋបាលខណ្ឌជ្រោយចង្វារហើយ ឬនៅនោះទេ? ក៏ប៉ុន្តែបច្ចុប្បន្នក្រុមការងារសំណង់រាជធានីភ្នំពេញ ពិនិត្យឃើញថា លោកមិនត្រឹមតែមិនព្រម រុះរើសំណង់ទេ តែថែមទាំងបានបន្តសកម្មភាពសាងសង់សំណង់នេះ បន្ថែមទៀតផង។

ឯកឧត្សមសង្ឃឹមថាលោកនឹងគោរព និងអនុវត្តតាមខ្លឹមសារលិខិតខាងលើ ហើយរុះរើសំណង់របស់លោកចេញជាបន្ទាន់ ហើយត្រូវអនុវត្តឱ្យបាននូវច្បាប់ស្តីពីសំណង់ និងច្បាប់ស្ដីពីការគ្រប់គ្រងច្រាំងទន្លេ និងទន្លេជាធរមាន»។ នេះជាសារព្រមានបន្ថែមរបស់ឯកឧត្ដម ឃ្លាំង ហួត៕

អត្ថបទដែលជាប់ទាក់ទង