សម្ដេចតេជោហ៊ុនសែនប្រកាសជំហរមិនទទួលយកសមាជិកគណបក្សក្នុងសម្ព័ន្ធដែលទៅបង្កើតបក្សថ្មីដើម្បីបានចូលជាសមាជិកភាពសម្ព័ន្ធបក្សនយោបាយនោះទេ
ភ្នំពេញ៖ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជំហរមិនទទួលយក សមាជិកគណបក្សនយោបាយថ្មីណាមួយ ដែលកើតចេញពីគណបក្សសម្ព័ន្ធ មកបង្កើតគណបក្សថ្មី ដើម្បីបានចូលសម្ព័ន្ធជាថ្មីនោះទេ។
ឯកឧត្ដម ជា ធីរិទ្ធ បានគូសបញ្ជាក់ទៀតថា ការប្រកាសមិនទទួលយកនេះ ដោយមានន័យថា គាត់បានចាកចេញពីគណបក្សក្នុងសម្ព័ន្ធ ហើយទៅបង្កើតគណបក្សថ្មីមួយ ដើម្បីបានចូលសម្ព័ន្ធភាពជាថ្មី។
ឯកឧត្ដម ជា ធីរិទ្ធ បានបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព» ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សសម្ព័ន្ធភាព នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្ដម ជា ធីរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ជាជំហររបស់សម្ដេចតេជោ ហ៊ុន សែន រាល់គណបក្សថ្មីទាំងឡាយណា ដែលកើតចេញពីគណបក្សសម្ព័ន្ធភាពទាំង២៩ ហើយចង់មកចូលជាសម្ព័ន្ធភាព ដោយមិនឯកភាព ឲ្យមានការបង្កើតគណបក្សថ្មី ដែលចេញពីគណបក្សសម្ព័ន្ធនោះឡើយ»។
ឯកឧត្ដម ជា ធីរិទ្ធ បានគូសបញ្ជាក់ថា នេះគឺជាជំហរដាច់ណាត់របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំជាមួយនឹងគណបក្សសម្ព័ន្ធទាំង២៩ ដើម្បីយកទៅអនុវត្ដ។
សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយ កំពុងដឹកនាំរាជរដ្ឋា ភិ បាល និងជាគណបក្សនយោបាយដ៏រឹងមាំនៅកម្ពុជា បានចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយ គណបក្សនយោបាយចំនួន២៨ផ្សេងទៀត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា សម្ព័ន្ធ ភាព រវាងបក្សនយោបាយ គឺមានគោលដៅយូរអង្វែងសម្រាប់ប្រទេសកម្ពុជា។ ការចងសម្ព័ន្ធ នេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា ហើយជាការប្រមូលផ្តុំកម្លាំងដើម្បីការពារដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតីភាព និងសន្តិភាព ទប់ស្កាត់កម្លាំងជ្រុលនិយម៕
