ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចមហាបវរធិបតី៖គ្មានពន្ធដារប្រទេសណាដែលមានការយោគយល់និងសម្របសម្រួលជាងពន្ធដារនៅកម្ពុជាឡើយ

58

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា គ្មានពន្ធដារនៅប្រទេសណា ដែលមានការយោគយល់ និងសម្របសម្រួលជាងពន្ធដារនៅក្នុងប្រទេសកម្ពុជានោះឡើយ សូម្បីតែនៅសហរដ្ឋអាមេរិក។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីស្នាក់ការកណ្តាលពន្ធដារដ៏ស្កឹមស្កៃ ប្រណីតទំនើប និងស៊ីវិល័យក្នុងវិស័យពន្ធដារ របស់កម្ពុជា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍របស់សម្ដេចធ្លាប់ទៅសិក្សានៅសហរដ្ឋអាមេរិក គឺអង្គភាពពន្ធដាររបស់អាមេរិក មិនអាចធ្វើការចរចា ឬសម្របសម្រួលជាមួយអ្នកជាប់កាតព្វកិច្ចបាននោះទេ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំឯកភាពជាមួយឯកឧត្តម គង់វិបុល ថាគ្មានពន្ធដារស្រុកណាស្រួលជាងពន្ធដារកម្ពុជាទេ ដែលអាចជជែកយោគយល់បាន។ ខ្ញុំរស់នៅអាមេរិកហើយ IRS (Internal Revenue Service) (អង្គភាពពន្ធដារអាមេរិកតឹងណាស់ កុំមកចរចាការយោគយល់ផ្អែកនៅក្នុងច្បាប់ ប៉ុន្ដែយើង (ពន្ធដារកម្ពុជាមានការយោគយល់ក្នុងដំណាក់កាលអន្ដរជាតិ»

នេះបើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, ថ្វីត្បិតតែអង្គភាពពន្ធដាររបស់កម្ពុជា មានការយោគយល់ក៏ពិតមែន ប៉ុន្ដែនេះគ្រាន់តែជាដំណាក់កាលអន្ដរកាលប៉ុណ្ណោះ ពោលនៅពេលខាងមុខទៀត គ្រាដែលភាគីពាក់ព័ន្ធទាំងអ្នកជាប់កាតព្វកិច្ចពន្ធ និងមន្ដ្រី មានការយល់គ្នាអំពីកាតព្វកិច្ច និងការទទួលខុសត្រូវនោះ គឺអនុវត្តនូវគោលការណ៍ស្មើភាពគ្នា ដែលនេះជាអ្វីដែលអង្គភាពពន្ធដារកម្ពុជាចង់ នឹងបំពេញនៅពេលខាងមុខ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា កិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធដារ សហគ្រាស និងអ្នកសម្របសម្រួលផ្នែកពន្ធដារ ដែលឈរលើក្រមសីលធម៌វិជ្ជាជីវៈ សមត្ថភាព និងការទទួលខុសត្រូវច្បាស់លាស់ គឺជាកត្តាសំខាន់ធ្វើឲ្យការងារប្រមូលពន្ធកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ដែលសម្ដេចប្រៀបតួអង្គសំខាន់ទាំង៣នេះដូចជាមុំចង្ក្រាន ដោយត្រូវបំពេញគ្នាទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង