ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានី៖មកដល់ពេលនេះមិនមានក្រសួងស្ថាប័នណារីករចនាសម្ព័ន្ធរបស់ខ្លួនទេ

86

ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ បានលើកឡើងនូវសមិទ្ធផលមួយដែលសម្រេចបាន ក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលមកដល់ពេលនេះ មិនមានក្រសួង ស្ថាប័នណារីករចនាសម្ព័ន្ធរបស់ខ្លួននោះទេ។ ក្នុងនោះក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួង ស្ថាប័នទាំងអស់ ដើម្បីធ្វើការវិភាគមុខងារ និងធ្វើការកែទម្រង់រចនាសម្ព័ន្ធរបសក្រសួង ស្ថាប័ន ដែលមកដល់ពេលនេះមិនមានក្រសួង ស្ថាប័នណាមានរីករចនាសម្ព័ន្ធនោះទេ។

ការលើកឡើងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអញ្ជើញផ្តល់បទឧទ្ទេសនាមស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ក្នុងវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី២៤ ជូនដល់សមាជិក សមាជិកាគណបក្សប្រមាណ១៤០នាក់ ស្រ្តី២១នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន ៧មករា រាជធានីភ្នំពេញ។

បើតាមឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី, មិនត្រឹមតែក្រសួង ស្ថាប័នមិនមានរីករចនាសម្ព័ន្ធ ស្របតាមអភិក្រម «ពង្រឹង ជាជាងពង្រីក» នោះទេ ថែមទាំងមានក្រសួង ស្ថាប័នចំនួន១៦ បានកាត់បន្ថយអគ្គនាយកដ្ឋាន ចំនួន៣ និងនាយកដ្ឋាន ចំនួន៣០ បន្ថែមទៀតផង។ បន្ថែមពីនេះ បណ្តាក្រសួង ស្ថាប័នទាំងអស់ បានរៀបចំអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន បានកំណត់មុខងារស្នូល មុខងាររងនៃមុខងារស្នូល ធ្វើយ៉ាងណាកុំឲ្យមានការត្រួតមុខងារ និងភារកិច្ចរបស់ក្រសួង ស្ថាប័ន។

ឯកឧត្ដមបានបន្ដទៀតថា នៅតាមក្រសួង ស្ថាប័នទាំងអស់ ត្រូវមានលេខធិការដ្ឋានចំនួន១ ដើម្បីគាំទ្រដល់ដំណើរការនៃការអនុវត្តការងារស្នូលរបស់ក្រសួង ស្ថាប័ន ប្រកបដោយជវភាពនៃប្រព័ន្ធតួអង្គតែមួយ៕

អត្ថបទដែលជាប់ទាក់ទង