ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ បានណែនាំឱ្យដកចៅហ្វាយខេត្ត មេប៉េអឹម មេប៉ូលិស ទាំងឡាយណា ដែលមិនព្រមបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា,មិនអាចជោគជ័យបានទេបើកម្ចាត់ត្រឹមក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយមិនកម្ចាត់ក្រុមមន្ត្រីដែលពាក់ព័ន្ធ

128

ភ្នំពេញសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងការបោសសំអាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតែជាកិច្ចការចាំបាច់សម្រាប់កម្ពុជា។ ក្នុងនោះសម្តេចតេជោ បានសង្កត់ធ្ងន់ថា ការបោសសំអាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវធ្វើឡើងទន្ទឹមគ្នារវាង ការ បោសសំអាតក្រុមឆបោក និងមន្ត្រីដែលពាក់ព័ន្ធ។

ការចង្អុលបង្ហាញនូវវិធានការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានានៅរាជធានីភ្នំពេញជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។

បើតាមឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វិធានការចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យានេះ សម្តេចតេជោ បានដាក់ចេញពីកម្រិត។

កម្រិតទី១៖ អ្នកដែលជាប់ពាក់ព័ន្ធមិនត្រឹមតែដកតំណែងនោះទេ ត្រូវចោទប្រកាន់ចំពោះមុខ តុលាការ ថែមទៀត។ សម្រាប់កម្រិតទី១ សម្តេចតេជោ ណែនាំឱ្យចោទប្រកាន់តាមផ្លូវតុលាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេថែមទៀត

កម្រិតទី២៖ ដកចេញពីតំណែង ហើយយកមកកន្លែងថ្មី។ បើចៅហ្វាយខេត្ត ចៅហ្វាយស្រុកណាមិនអើពើ មិនធ្វើ ដកចេញទៅ។

ឯកឧត្ដម ជា ធីរិទ្ធ បានដកស្រង់ប្រសាសន៍ដើមរបស់សម្តេចមកបញ្ជាក់ដូច្នេះ ««អ្នកមិនអាចទទួលជោគជ័យបានទេ បើអ្នកដើរទៅវាយអ្នកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមិនទៅវាយមន្ត្រី និងអ្នកពាក់ព័ន្ធ»។

ឯកឧត្ដម ជា ធីរិទ្ធ បានដកស្រង់ប្រសាសន៍ដើមរបស់សម្តេចមកបញ្ជាក់ទៀតថា «គ្មានការយោគយល់ណា មួយអាចទៅរួច នៅពេលដែលអ្នកមិនព្រមធ្វើ ឬពាក់ព័ន្ធ។ កុំនិយាយថា អ្នកជាកូនមេដឹកនាំមាន គុណសម្បត្តិចំពោះជាតិ កុំនិយាយថា បានប្រឹងប្រែងធ្វើការ និងកសាងស្នាដៃចំពោះជាតិមាតុភូមិ»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា ត្រូវតែធ្វើឱ្យពិភពលោកបានឃើញនូវឆន្ទៈក្នុងការបោសសំអាតទង្វើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ សម្តេចតេជោ បានណែនាំឱ្យដកចៅហ្វាយខេត្ត មេប៉េអឹម មេប៉ូលិស ទាំងឡាយណា ដែលមិនព្រមបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីថ្លែងបែបនេះបានធ្វើឡើងក្នុងកិច្ចសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះនារាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង