ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពប្រចាំអំពើពុករលួយ ACU៖អតីតឧកញ៉ាឡេងចាន់ណានិងបក្ខពួកទទួលស្គាល់ថាបានទទួលប្រាក់ពី៩៣ទៅ៩៨លានដុល្លារ

74

ភ្នំពែញអង្គភាពប្រចាំអំពើពុករលួយ (ACU) បានបញ្ជាក់ថា អ្នកស្រី ឡេង ចាន់ណា, ចាន់ ឃិន, ផុន សាមាន ទទួលស្គាល់ថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារ អាម៉េរិក ពីមេ ២៥ ហើយបានយកលុយទាំងនោះ ទិញដីអភិវឌ្ឍគម្រោង ផ្តល់ការប្រាក់ទៅឱ្យមេ ២៥ និងផ្តល់ការប្រាក់ទៅឱ្យអ្នកដែលបាន ចំណាយ ប្រាក់វិនិយោគ។ 

ជាមួយគ្នានេះ យោងតាមរបាយការណ៍របស់ ឯកឧត្ដម កិតិ្តនីតិកោសលបណ្ឌិត  ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន អ.ប.ព. បានឱ្យដឹងថា តាមរយៈលទ្ធផលសវនាការសាលាឧទ្ធរណ៍ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ និងប្រកាសសាលដីកាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ករណី កន សុខកាយ, ដួង តារា, លី សាម៉េត, ឡាច សំរោង ពីបទប៉ុនប៉ងសូកប៉ាន់។

ACU បានឱ្យដឹងថា អំពីករណីឈ្មោះ តាំង សុវ័ន្ត ជនត្រូវចោទ ពីបទប៉ុនប៉ងសូកប៉ាន់ និងបរិហារកេរ្តិ៍មកលើមន្រ្តី និងស្ថាប័ន អ.ប.ព. និងលោក សែម បូរ៉ា អគ្គនាយកTNM TV Online និងករណី អ្នកស្រី ភី គិមសុង ភរិយា ជនត្រូវចោទ យ៉ាត កុសល បរិហារមួលបង្កាច់លើ អ.ប.ព.។ 

គួរឱ្យដឹងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចលើកទី១០ អាណត្តិទី៤ ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៩ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ។

គួរបញ្ជាក់ថា៖កិច្ចប្រជុំលើកទី១០ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) (ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦)

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី១០ អាណត្តិទី៤ បានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បី៖ 1-ឆ្លង កំណត់ហេតុកិច្ចប្រជុំលើកទី៩ អាណត្តិទី៤ 2-របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង 3-បញ្ហាផ្សេងៗ។

អំពីរបាយការណ៍របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន អ.ប.ព.

1- ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល

មន្ត្រីចំនួន ៦២ រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ៣១ រូប, មន្ត្រី ចំនួន ១រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង ៣០រូបទៀត បានមក ប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុលាឈប់ ឬចប់អាណត្តិ និងចូលនិវត្តន៍។

2- ការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ

– អ.ប.ព. បានចូលរួមសង្កេតការណ៍ក្នុងដំណើរការប្រឡងចេញថ្នាក់ជាតិ របស់និស្សិតដែលបញ្ចប់ ការសិក្សាពីគ្រឹះស្ថានបណ្តុះបណ្តាលសុខាភិបាលក្នុងឆ្នាំ២០២៦ សម្រាប់ថ្នាក់ វេជ្ជបណ្ឌិត បរិញ្ញាបត្រឱសថ ទន្តបណ្ឌិត និងបរិញ្ញាបត្រគិលានុបដ្ឋាក ដែលបានរៀបចំដោយទីស្តីការគណៈ រដ្ឋមន្ត្រី និងក្រសួងសុខាភិបាល។

– អ.ប.ព. ក៏បានចូលរួមសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ១៣១ គម្រោង របស់អង្គភាព លទ្ធកម្មចំនួន ៤២ អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

3- ការងារអន្តរជាតិ

ក)-ប្រតិភូ អ.ប.ព. ជាអនុប្រធាននាយកដ្ឋាន ចំនួន ២រូប រួមមាន លោក ញ៉ែម បូរ៉ា និង លោក ហេង ជិនហាក់ រួមជាមួយប្រតិភូមកពីប្រទេសចំនួន ៣៤ សរុបចំនួន ២២០រូប បានចូលរួមសិក្ខា សាលា ថ្នាក់តំបន់នៃគំនិតផ្តួចផ្តើមប្រឆាំងអំពើពុករលួយ (Anti-Corruption Initiative, ACI) លើប្រធានបទ “ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់សុចរិតភាព និង ប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដែលសហការរៀបចំដោយអង្គ ការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (Organization for Economic Co-operation and Development, OECD) និងភ្នាក់ងារប្រឆាំងអំពើពុករលួយអ៊ូបេគីស្ថាន នាទីក្រុងតាស៊ិន ប្រទេសអ៊ូបេគីស្ថាន កាលពីថ្ងៃទី១២-១៤ ខែឧសភា ឆ្នាំ២០២៦។ ក្នុងអង្គសិក្ខាសាលាដ៏មានសារៈ សំខាន់នេះ ប្រតិភូ ដែលចូលរួមទទួលបាននូវ បទឧទ្ទេសនាមនានាពីអ្នកជំនាញមកពីវិស័យ សាធារណៈ និងឯកជន ព្រមទាំងឱកាសក្នុងការពិភាក្សា ផ្លាស់ប្តូរបទសោធទៅវិញទៅមក ក្នុង គោលបំណងបង្កើនប្រសិទ្ធភាព លើកកម្ពស់សុចរិតភាព និងកាត់បន្ថយហានិភ័យពាក់ព័ន្ធប្រធានបទចំនួន ៣ រួមមាន៖ (១)-ការងារស៊ើបអង្កេត និងដំណើរការក្តី នៃបទល្មើសពុករលួយ (២)-វិធានការ គ្រប់គ្រងនឹងទប់ស្កាត់ហានិភ័យ នៃទំនាស់ផលប្រយោជន៍ក្នុងវិស័យ សាធារណៈនិងឯកជន (៣)-ការបង្កើតប្រព័ន្ធការពារសាក្សី

ខ)- អំពីជំនួប មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង អ.ប.ព. ក្រសួងយុត្តិធម៌ នគរបាលជាតិ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២៦

គ)- ការសុំឱ្យ អ.ប.ព. ផ្តល់ព័ត៌មានពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តសេចក្តីសម្រេច ១១/១១ នៃសន្និសីទរដ្ឋភាគី នៃអនុសញ្ញាប្រឆាំងអំពើពុករលួយរបស់អង្គការសហប្រជាជាតិ (UNCAC)

ឃ)- សំណូមពរឱ្យ អ.ប.ព. ផ្តល់របាយការណ៍ ដើម្បីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្របសម្រួល ការវិនិយោគសម្រាប់ការអភិវឌ្ឍក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក

ង)- ការអញ្ជើញ អ.ប.ព. ចូលរួមវេទិកាលើកទី11 Eastern Economic Forum នៅទីក្រុង VLADIVOSTOK សហព័ន្ធរុស្ស៊ី។

4- ការងារពាក្យប្ដឹង

អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែនេះ សរុបចំនួន ៤៥ ពាក្យប្ដឹង។

5- ការកសាងសំណុំរឿងជូនទៅ អយ្យការអមសាលាដំបូង ខេត្តកណ្តាល ករណីស៊ីសំណូកដោយ សមាជិកនៃគណៈវិជ្ជាជីវៈខាងវេជ្ជសាស្ត្រ (គ្រូពេទ្យមួយរូប និងអនុប្រធានមន្ទីរពេទ្យបង្អែកស្រុក) ដើម្បីធ្វើ លិខិតបញ្ជាក់មិនពិត (សំបុត្រពេទ្យបញ្ជាក់ថាឈឺដោយមិនពិត) ប្រហែល ៣០ ទៅ ៤០ នាក់ក្នុងមួយខែៗ។

6- អំពីបច្ចុប្បន្នភាពនៃការស៊ើបអង្កេត របស់សាលាដំបូងខេត្តសៀមរាប លើករណីអ្នកស្រី ឡេង ចាន់ណា (រឿងរដ្ឋប្បវេណី ១៩ សំណុំរឿង និងព្រហ្មទណ្ឌ ៣២ សំណុំរឿង) និងបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់ អ.ប.ព. លើឯកឧត្តម ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. និងអ្នកស្រី ឡេង ចាន់ណា និងបក្សពួក។ អ្នកស្រី ឡេង ចាន់ណា – ចាន់ ឃិន – ផុន សាមាន ទទួលស្គាល់ថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨ លានដុល្លារ អាម៉េរិក ពីមេ ២៥ ហើយ បានយកលុយទាំងនោះ ទិញដីអភិវឌ្ឍគម្រោង ផ្តល់ការប្រាក់ទៅឱ្យមេ ២៥ និង ផ្តល់ការប្រាក់ទៅឱ្យអ្នកដែលបានចំណាយប្រាក់វិនិយោគ។

7- លទ្ធផលសវនាការសាលាឧទ្ធរណ៍ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ និងប្រកាសសាលដីកាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ករណី កន សុខកាយ ដួង តារា -លី សាម៉េត-ឡាច សំរោង ពីបទប៉ុនប៉ងសូកប៉ាន់។

8- អំពីករណី ឈ្មោះ តាំង សុវ័ន្ត ជនត្រូវចោទ ពីបទប៉ុនប៉ងសូកប៉ាន់ និងបរិហារកេរ្តិ៍មកលើមន្ត្រី និង ស្ថាប័ន អ.ប.ព. និងលោក សែម បូរ៉ា អគ្គនាយក TNM TV Online និងករណី អ្នកស្រី ភី គឹមសុង ភរិយា ជន ត្រូវចោទ យ៉ាត កុសល បរិហារមួលបង្កាច់លើ អ.ប.ព.។

9- ផ្សេងៗ

ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានពិភាក្សា លើកសំណួរ និងបានផ្តល់អនុសាសន៍ល្អៗ ចំពោះការ រាយការណ៍ ព្រមទាំងផ្តល់ការគាំទ្រដល់អង្គភាព លើកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់អារម្មណ៍ និងកំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង