ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសចូលកាន់មុខតំណែងជាផ្លូវការជូនអភិបាលរងខេត្តកែប៣រូប

45

កែបអភិបាលរងខេត្តកែបថ្មីចំនួន ៣រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទដារ៉ា រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តកែប។ 

អភិបាលរងខេត្តថ្មី ទាំង៣រូប រួមមាន៖ 

ទី១៖ លោក លី សាវេត ផ្ទេរពីអភិបាលរងខេត្តតាកែវ មកជាអភិបាលរងខេត្តកែប 
ទី២៖ លោក សុខ រស់ ផ្ទេរពីអភិបាលរងខេត្តស្វាយរៀង មកជាអភិបាលរងខេត្តកែប 
ទី៣៖ លោក សែម រមនា ត្រូវបានតែងតាំងជាអភិបាលរងខេត្តកែប។

ក្នុងពិធីនោះ ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទដារ៉ា សម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកបណ្ឌិត ឯកឧត្ដមពិសិដ្ឋ អភិបាលខេត្ត ដែលបានខិតខំសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ ជូនប្រជាជន និងរដ្ឋាភិបាល។ 
ឯកឧត្ដមបានណែនាំអភិបាលរងខេត្តថ្មីទាំង៣រូប ត្រូវសហការគ្នា ខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យការងារ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងចុះជិតជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។

ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំខេត្តកែប និងមន្ត្រីពាក់ព័ន្ធ រួមគ្នាជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ស្របតាមផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តខេត្តកែប កាន់តែច្រើន។ 

ឯកឧត្ដមណែនាំឲ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបន្តអនុវត្តវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីរក្សាសុវត្ថិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕

អត្ថបទដែលជាប់ទាក់ទង