ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងនឹងជួសជុលកែលម្អរអគារ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ

17

ភ្នំពេញ ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ និងកែលម្អរអគារ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដែលបាននឹងកំពុងបន្តការសាងសង់យ៉ាងសស្រាក់សស្រាំ ដើម្បីសោភណភាព និងផាសុខភាព សម្រាប់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាផ្សេងៗនៅទីនេះផងដែរ។

អគារអធិការដ្ឋាននគរបាលនគរបាលខណ្ឌឫស្សីកែវ បានចាប់ផ្តើមចាក់បេតុងកម្រាលខណ្ឌ(ប្លង់សេ) ជាន់ផ្ទាល់ដី នៃគម្រោងសាងសាង់អគាររដ្ឋបាលថ្មី ១ខ្នង ៣ជាន់ (ជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ទី២) នៅលើផ្ទៃដីក្រោយអគារអធិការដ្ឋានបច្ចុប្បន្ន មានផ្ទៃក្រឡា ១៩៥ម៉ែត្រការ៉េ ដែលជាគម្រោងមានការឯកភាព និងគាំទ្រដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវក្នុងខណៈពេលចុះត្រួតពិនិត្យដំណើរការចាក់បេតុង បានថ្លែងនូវការកោតសរសើរចំពោះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដែលតែងតែគិតគូរដល់កងកម្លាំង និងអភិវឌ្ឍអង្គភាពឱ្យមានសោភ័ណភាព មានកន្លែងធ្វើការតាមផ្នែកជំនាញ មានអនាម័យ ផាសុកភាព និងបង្កលក្ខណៈងាយស្រួល ដល់កងកម្លាំងនគរបាល បំពេញភារកិច្ចប្រចាំថ្ងៃ និងផ្តល់សេវារដ្ឋបាល និងយុត្តិធម៌ ជូនប្រជាពលរដ្ឋបានឆាប់រហ័ស ទាន់ពេលវេលា និងល្អប្រសើរ។ 

ជាមួយគ្នានេះដែរ លោកអភិបាលក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ក៏សូមកោតសរសើរដល់កម្លាំងនគរបាលខណ្ឌឫស្សីកែវ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងខណ្ឌឫស្សីកែវ៕

អត្ថបទដែលជាប់ទាក់ទង