ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនចង់សិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស (Sky Train)នៅរាជធានីភ្នំពេញ

13

ភ្នំពេញ៖ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនចង់សិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស (Sky Train)នៅរាជធានីភ្នំពេញ ខណៈរាជធានីភ្នំពេញនៅប្រឈមទៅនឹងការកកស្ទះចរាចរណ៍ បើទោះបីសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញបានដំណើរការយ៉ាងសកម្មក្តី។

   ការបង្ហាញពីបំណងនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៦ មិងុនា២០២៦នេះ នៅសាលារាជធានីភ្នំពេញក្នុងជំនួបសម្ដែងការ គួរសម និងពិភាក្សាការងាររវាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ជាមួយលោក វ៉ាង ហៃឈិន (WANG HAI CHEN) ទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុនសាងសង់ទីក្រុងប៉េកាំង តំណាងក្រុមហ៊ុន Beijing Urban Construction Group។

  លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ការមកជួបសម្ដែងការគួរសមនេះ គឺក្រុមហ៊ុន Beijing Urban Construction Group មានបំណង ចង់សិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស (Sky Train)នៅរាជធានីភ្នំពេញ។

  ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញស្វាគមន៍ ឲ្យក្រុមហ៊ុនធ្វើការសិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស (Sky Train)នៅរាជធានីភ្នំពេញ ដោយសារតែការងារពាក់ព័ន្ធនឹងប្រព័ន្ធចរាចរណ៍នេះ ជាចក្ខុវិស័យដែលយើងកំពុងព្យាយាមដោះស្រាយ ឲ្យកាន់តែល្អប្រសើរឡើង ខណៈដែលរាជធានីភ្នំពេញបាននឹងកំពុងប្រឈមទៅនឹងការកកស្ទះចរាចរណ៍ដែរនោះ៕

អត្ថបទដែលជាប់ទាក់ទង