លោកជំទាវបណ្ឌិតពេជចន្ទមុន្នីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ស្ថិតនៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា
កណ្តាល៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាធិបតីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ ជាបូជនីយដ្ឋានពុទ្ធសាសនា និងជាទីបដិបត្តិផ្នែកវិបស្សនាធុរៈរបស់ជាតិធំជាងគេនៅកម្ពុជា សម្រាប់ការផ្សព្វផ្សាយព្រះធម៌ រួមទាំងសម្រាប់រៀបចំកម្មវិធីបដិបត្តិវិបស្សនាទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។
ពិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ពេជ សោភ័ន និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ដែលជាបិតា មាតាបង្កើតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, វត្ដមានលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងភរិយា, ជាពិសេសព្រះវត្ដមានរបស់សម្ដេចព្រះសង្ឃ ព្រះសង្ឃ, សីលវន្ដ សីលវតី និងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។
ការផ្តើមកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ស្ថិតនៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ដែលជាទឹកដីជ័យភូមិដ៏ស័ក្តិសមបំផុត ហើយសារ មន្ទីរនេះនឹងក្លាយជាឃ្លាំងសរណៈសម្រាប់តម្កល់នូវព្រះបដិមា ចម្លាក់ព្រះពុទ្ធប្បដិមាសិល្បៈខ្មែរគ្រប់ សម័យកាល រូបព្រះពុទ្ធបាតនឹងការពិពណ៌នា ព្រះបរមរូបសម្តេចព្រះមហាសង្ឃរាជ ព្រះបរមរូបសម្តេចព្រះសង្ឃនាយក អ្នកប្រាជ្ញពុទ្ធសាសនាខ្មែរ (មានព្រះសង្ឃ និងគ្រហស្ថ) តាំងបង្ហាញវត្ថុសក្ការៈ និងគ្រឿងប្រដាប់ប្រដារក្នុងព្រះពុទ្ធសាសនា គ្រឿងយសសម្រាប់សមណសក្តិគ្រប់ឋានានុក្រម គ្រឿង បរិក្ខារសម្រាប់សមណៈ គម្ពីរសាស្ត្រាក្បួនច្បាប់ខ្មែរ ឯកសារស្តីពីព្រះពុទ្ធសាសនា និងគ្រឿងប្រដាប់ជាច្រើន ដូចដែលបានពោលមកនេះ គឺជាធម្មមរតកក្នុងព្រះពុទ្ធសាសនាខ្មែរតម្កល់ទុកក្នុងទីនេះ ដែលជាទីតាំងប្រវត្តិសាស្ត្រ និងបូជនីយដ្ឋានព្រះពុទ្ធសាសនាដ៏ពិសិទ្ធក្នុងព្រះរាជាណាចក្រកម្ពុជា លើទឹកដី អតីតរាជធានីឧដុង្គមានជ័យ ដែលមានប្រវត្តិជាង ២សតវត្សមកហើយ។
ការសាងសារមន្ទីរនេះមិនត្រឹមតែអនុញ្ញាតឱ្យកូនចៅខ្មែរយើងបានឃើញ និងសិក្សាស្វែងយល់ ពីរចនាបថសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យនៅអតីតរាជធានីឧដុង្គប៉ុណ្ណោះទេ ថែមទាំងជាកន្លែងថែរក្សាមរតកវប្បធម៌ព្រះពុទ្ធសាសនា និងផ្សព្វផ្សាយធម្មកេរមរតកបុរាណខ្មែររាប់ជំនាន់ ព្រះសង្ឃខ្មែរគ្រប់ជំនាន់ បានបន្សល់ទុកមកយ៉ាងច្រើនគួរជាទីមោទកភាពនៃប្រជាជាតិយើងទៅកាន់ពិភពលោក តម្កល់ជាឧត្តមប្រយោជន៍ដល់សាធារណជនជាតិ និងអន្តរជាតិ សិក្សាស្រាវជ្រាវស្វែងយល់ពីគុណតម្លៃព្រះពុទ្ធសាសនានៅកម្ពុជា និងដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍វប្បធម៌ព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យកាន់តែមានភាពសំបូរបែបជាទីមនោរម្យ ប្រកបដោយចិត្តជ្រះថ្លា សោមនស្សរីករាយ៕
