ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសឱ្យចូលកាន់តំណែងលោកស្រីមុំពុទ្ធីតាជាអភិបាលរងខេត្តបន្ទាយមានជ័យ

22

បន្ទាយមានជ័យ ៖នៅសាលាខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះឯកឧត្ដម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសឱ្យ ចូលកាន់មុខតំណែងលោកស្រី មុំ ពុទ្ធីតា ដែលផ្ទេរពីអភិបាលរងខេត្តឧត្តរមានជ័យ មកជាអភិបាលរងខេត្តបន្ទាយមានជ័យ ជំនួសលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ ដែលដល់អាណត្តិ៨ឆ្នាំ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណើរ ឯកឧត្ដមប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ អភិបាលក្រុង -ស្រុក អាជ្ញាធរមូលដ្ឋានបានអញ្ជើញចូលរួមប្រារព្ធធ្វើនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ ឯកឧត្ដម ផាន់ ចាន់ធុល បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សា គណៈអភិបាល ខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការធានាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ជាពិសេសការរួមចំណែកយ៉ាងសកម្ម ក្នុងការដោះស្រាយបញ្ហាជនភៀសសឹក។ 

ឯកឧត្ដម ផាន់ ចាន់ធុល បានបន្តថា ឈរលើមូលដ្ឋានដើម្បីបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងនិងលើកកម្ពស់ការគ្រប់គ្រង និងការដឹកនាំកិច្ចការរដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាពិសេសបន្ត ជំរុញការកសាងភាពធន់ និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើនសម្រេចបាននូវសមិទ្ធផល ថ្មីៗបន្ថែមទៀត ឯកឧត្ដម រដ្ឋ លេខា ធិការ ក៏បានផ្តល់នូវគោលការណ៍ណែនាំលើកិច្ចការអាទិភាពសំខាន់ៗមួយចំនួនដូចជា 

១៖ ការបន្តថែរក្សា និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
២៖ ការលើកកម្ពស់ ការថែរក្សា ការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ
៣៖ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
៤៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
៥៖ ការផ្តល់សេវាសាធារណៈ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ 
៦៖ ពង្រឹងរបៀបរបបការងារ។ 

សូមបញ្ជាក់ថា យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ លក្ខណសម្បត្តិសមត្ថភាព និងបទពិសោធការងារកន្លងមក និងសំណូមពរចាំបាច់រាជរដ្ឋាភិបាល បានសម្រេចផ្ទេរភារកិច្ចលោកស្រី មុំ ពុទ្ធីតា ពីអភិបាលរងខេត្តឧត្តរមានជ័យ មកជាអភិបាលរងខេត្តបន្ទាយមានជ័យ ជំនួសលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ ដែលដល់អាណត្តិ៨ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង