ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ៖អភិបាលខណ្ឌទាំង១៤ត្រូវជំរុញបន្តការងារបង្រ្កាបបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS គឺត្រូវតែធ្វើដោយមិនរាថយដាច់ខាត ចុះត្រួតពិនិត្យទីតាំងសង្ស័យឱ្យកាន់តែសកម្ម ហើយត្រូវប្រកាន់ខ្ជាន់នូវវិជា្ជជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវក្នុងពេលចុះប្រតិបត្តិការ

42

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់បែបនេះនាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ ខណៈដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោស្នងការរងរាជធានីភ្នំពេញ ព្រមទាំងលោក លោកស្រីអភិបាលខណ្ឌទាំង១៤ផងដែរ។

  លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ក្នុងកិច្ចប្រជុំនេះ ក្រោយពីស្តាប់របាយការណ៍វឌ្ឍនភាពនៃការងារ បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលរាយការណ៍ដោយលោកស្នងការរង តំណាងឯកឧត្តមស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួចមក ឯកឧត្ដមអភិបាលបានអនុញ្ញាតឱ្យអភិបាលខណ្ឌចូលរួមមតិយោបល់ ក៏ដូចជាការចែករំលែកបទពិសោធន៍ ព្រមទាំងបញ្ហាប្រឈមនានាក្នុងរង្វង់ប្រតិបត្តិការកន្លង ដើម្បីពិភាក្សារកដំណោះស្រាយធ្វើយ៉ាងណាឱ្យការងារបង្រ្កាបបទល្មើសនេះកាន់តែមានប្រសិទ្ធភាព និងឈានដល់ការបង្រ្កាបឱ្យអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

  លោកស្រីអ្នកនាំពាក្យបន្តថា៖ជាមួយគ្នានេះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានផ្តល់ជាអនុសាសន៍ និងការដឹកនាំមួយចំនួនសម្រាប់ឱ្យប្រតិបតិ្តករទាំងអស់ ទាំងស្នងការដ្ឋាននគរបាល ទាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤យកទៅអនុវត្តបន្ត ជាពិសេសឯកឧត្តមអភិបាលក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា ការងារបង្រ្កាបបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS គឺត្រូវតែធ្វើដោយមិនរាថយដាច់ខាត ត្រូវតែចុះត្រួតពិនិត្យទីតាំងសង្ស័យឱ្យកាន់តែសកម្ម ហើយត្រូវប្រកាន់ខ្ជាន់នូវវិជា្ជជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវក្នុងពេលចុះប្រតិបត្តិការ៕

អត្ថបទដែលជាប់ទាក់ទង