ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីផ្អាកដំណើរការក្រុមហ៊ុនផលិតជី «ជុងហេង» នៅខណ្ឌកំបូលក្រោយជះក្លិនស្អុយប៉ះពាល់ប្រជាពលរដ្ឋរស់នៅជុំវិញក្នុងភូមិត្រពាំងក្រសាំង និងបំពុលបរិស្ថាន

38

ភ្នំពេញ៖អនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ  បានចូលរួមជាមួយក្រុមការងារ​ នៃក្រសួងបរិស្ថាន ចុះណែនាំ និងធ្វើ កំណត់ហេតុដល់ក្រុមហ៊ុន ជុង ហេង ហ្វើថឹឡាយហ្សឺ ខូអិលធីឌី ដែលផលិតជីកសិកម្ម បង្កឱ្យមានក្លិនប៉ះពាល់ ដល់បរិស្ថាន និងបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញ ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល។

នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងនារសៀលថ្ងៃទី៩ខែមិថុនា ឆ្នាំ ២០២៦នេះ។

លោកស្រីបន្តថា៖ជាលទ្ធផលក្រុមការងារបានដាក់ចេញនូវវិធានការចំពោះក្រុមហ៊ុនដូចខាងក្រោម៖១ ម្ចាស់ក្រុមហ៊ុនគួរផ្លាស់ប្តូរទីតាំងថ្មីដែលមិនបង្កផលប៉ះពាល់ក្លិនស្អុយដល់បងប្អូនរស់នៅក្បែរខាង។២ ត្រូវធ្វើការទប់ស្កាត់សំណល់រាវ មិនឲ្យហូរចូលដីស្រែប្រជាពលរដ្ឋបន្តទៀតឡើយ។៣ត្រូវបញ្ឈប់នាំចូលសំណល់ទាំងអស់មកធ្វើអាជីវកម្មជាបន្តទៀត និងត្រូវធ្វើការប្រមូលសម្អាតសំណល់ទាំងអស់ដែលបានចាក់នៅក្រៅទីតាំងឱ្យបានរួចរាល់ក្នុងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃក្រុមការងារចុះពិនិត្យ នេះតទៅ។                                               ៤ ចំពោះសំណល់ដែលស្ថិតនៅក្នុងទីតាំងស្រាប់ត្រូវប្រមូលទុកដាក់ នៅក្នុងរោងត្រឹមត្រូវអំឡុងពេល២សប្តាហ៏ ដើម្បីបញ្ជៀសបញ្ហាក្លិនស្អុយប៉ះពាល់ដល់​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ។៥ ម្ចាស់ក្រុមហ៊ុនត្រូវទទួលខុសត្រូវផ្តល់ជាសំណងដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីស្រែដែល មិនអាចបង្កបង្កើនផលបាន។៥ ក្នុងករណីក្រុមហ៊ុនអាចបើកដំណើរការអាជីវកម្មឡើងវិញ ត្រូវស្នើសុំលិខិតអនុញ្ញាតិពីស្ថាប័នមានសមត្ថកិច្ច និងត្រូវមានការចុះត្រួតពិនិត្យ វាយតម្លៃលើការអនុញ្ញាតិជាមុនសិនទើបអាចដំណើរការឡើងវិញបាន។

លោកស្រីអ្នកនាំពាក្យបានបន្ថែមថា៖ជាចុងក្រោយក្រុមការងារបានណែនាំឱ្យម្ចាស់ក្រុមហ៊ុនត្រូវរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន ឬកិច្ចសន្យាការពារបរិស្ថានទៅតាមគោលការណ៍ច្បាប់ជាធរមាន។

វិធានការក្តៅនេះបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងមន្ត្រីជំនាញក្នុងការការពារបរិស្ថាន សុខភាពសាធារណៈ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព និងទំនួលខុសត្រូវចំពោះសង្គម៕

អត្ថបទដែលជាប់ទាក់ទង