ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin មានសេរីភាពពេញលេញក្រោយការលើកលែងទោសពីព្រះមហាក្សត្រ

56

បាងកក៖នាយកដ្ឋានពន្ធនាគារថៃ កាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថាអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានក្លាយជាមនុស្សមានសេរីភាពពេញលេញជាផ្លូវការ ជិតមួយសប្ដាហ៍បន្ទាប់ពីរូបលោកទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

លោក Thaksin Shinawatra មានអាយុ៧៦ឆ្នាំ បានអនុវត្តទោសអស់៨ខែ នៃទោសជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទពុករលួយ និងរំលោភអំណាច មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីខែឧសភាកន្លងទៅ ក្រោមហេតផលមានវ័យចំណាស់ និងសុខភាព។ នាយកដ្ឋានពន្ធនាគារថៃធ្លាប់បានបញ្ជាក់ថាលោក Thaksin ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាមួយការតម្រូវឱ្យពាក់ឧបករណ៍តាមដាន។ 

លោក Thaksin បានស្ថិតនៅក្នុងចំណោមអ្នកទោសជាច្រើននាក់ផ្សេងទៀតដែលទទួលបានការលើកលែងទោសពីព្រះមហាក្សត្រថៃ កាលពីថ្ងៃទី៣ ខែមិថុនា ក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្មរបស់ម្ចាស់ក្សត្រីយ៍ Suthida ដោយសារតែទោសសេសសល់របស់លោកមានរយៈពេលតិចជាងមួយឆ្នាំ។ 

នាយករដ្ឋានពន្ធនាគារថៃ កាលពីថ្ងៃអង្គារ បានឱ្យដឹងថាឧបករណ៍តាមដានរបស់លោក Thaksin ក៏ត្រូវបានដោះចេញផងដែរ។ «ពន្ធនាគារបានចេញឯកសារដោះលែងជាផ្លូវការ និងលិខិតបញ្ជាក់ពីការដោះលែងទៅឱ្យលោក Thaksin»។ នេះជាការគូសបញ្ជាក់របស់នាយករដ្ឋានពន្ធនាគារថៃ ជាមួយការបន្ថែមថាលោក Thaksin ចាប់ពីពេលនេះតទៅបានក្លាយជាមនុស្សមានសេរីភាពពេញលេញ។ 

គួរបញ្ជាក់ថា ថៃជាធម្មតាតែងតែផ្ដល់ការលើកលែងទោសពីព្រះមហាក្សត្រទៅឱ្យអ្នកទោសទាំងឡាយណាដែលបានកែប្រែខ្លួនបានល្អ ដើម្បីអបអរសាទរដល់ព្រះរាជពិធីសំខាន់ៗ ក្នុងនោះមានដូចជាពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងម្ចាស់ក្សត្រីយ៍៕

អត្ថបទដែលជាប់ទាក់ទង