ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកក្រុមប្រឹក្សា៖កោតសរសើរ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញការងារព្រមៗគ្នា ម៉ឺងម៉ាត់ មិនរាថយ ក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

33

ភ្នំពេញ៖សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញការងារព្រមៗគ្នា ម៉ឺងម៉ាត់ មិនរាថយ ក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ 

  ការកោតសរសើរបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១១មិថុនាឆ្នាំ២០២៦នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ក្រោមអធិបតីភាព ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីតំណាង ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ហួត ហៃអភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

  ឯកឧត្តម ជួប ខុន បានមានប្រសាសន៍លើកឡើថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញសូមកោតសរសើរនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលនិងការដឹកនាំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានធ្វើឱ្យរាជធានីភ្នំពេញ រក្សាបានសន្តិសុខយ៉ាងល្អប្រសើរ ពិសេសលើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ដោយទាំងប៉ូលីស កងរាជអាវុធហត្ថ អាជ្ញាធរខណ្ឌ និងអាជ្ញាធរសង្កាត់ទាំងអស់ សហការគ្នាយ៉ាងស្អិតរមួត អនុវត្តព្រមៗគ្នាតែម្តង ដើម្បីឈានទៅលុបបំបាត់ឱ្យអស់ទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)ពីក្នុងមូលដ្ឋាន។

  ឯកឧត្តម ជួប ខុន បានបន្តថា៖ ក្រៅពីរក្សាសន្តិសុខនិងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)បានល្អហើយ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ ក៏បានអនុវត្តការងារ ស្តារ លូ ប្រឡាយ ព្រមៗគ្នា ដែលសង្ឃឹមថា ឆ្នាំនេះនឹងមិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងទេ។

  ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីក្នុងឱកាសនោះបានមានប្រសាសន៌ថា៖ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)នេះ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង គឺបានបញ្ជាផ្ទាល់ ម៉ឺងម៉ាត់ និងមិនរាថយ ដោយបានប្រើពេលវេលាប្រមាណ៨០%នៃការងារ ដើម្បីឈានទៅលុបបំបាត់ឱ្យអស់បទល្មើសទាំងនេះឱ្យអស់ពីមូលដ្ឋាន។ 

  ឯកឧត្តម ហួត ហៃ បន្តថា៖ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិតជាមានភាពស្មុកស្មាញ ដោយក្រុម (ONLINE SCAMS)បានបំបែកខ្លួនពីទីតាំងធំៗ មកទីតាំងផ្ទះល្វែង និងវីឡាតូចៗវិញ ប៉ុន្តែទោះជាយ៉ាងនេះក្តី យើងនៅតែបន្តធ្វើដោយភាពម៉ឺងម៉ាត់ និងមិនរាថយឡើយ ដើម្បីឱ្យប្រទេសកម្ពុជាទទួលបានសេដ្ឋកិច្ចពណ៌ ស៕

អត្ថបទដែលជាប់ទាក់ទង