គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបើប្រតិបត្តិការត្រួតពិនិត្យនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យទីតាំងសរុបបានចំនួន ៧៤ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៥២នាក់
ភ្នំពេញ៖ក្នុងប្រតិបត្តិការត្រួតពិនិត្យនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យទីតាំងសរុបបានចំនួន ៧៤ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៥២នាក់ (ស្រី ១៥៤នាក់) គ្មានលិខិតឆ្លងដែន ២នាក់។ ក្នុងចំណោម ៧៤ទីតាំង នេះបានរកឃើញករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ១ករណី ស្ថិតនៅបុរីពិភពថ្មីឡាសែនសុខពីរ ផ្ទះលេខ៣៨ ផ្លូវលេខ៤A ស្ថិតនៅភូមិក្រាំងអង្រ្កង សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៥នាក់ (ប្រុស) គ្មានលិខិតឆ្លងដែន ២នាក់ ព្រមទាំងដកហូតសម្ភារៈរួមមានកុំព្យូទ័រយួរដៃ ៧គ្រឿង, និងទូរស័ព្ទ ១៥០គ្រឿង។
លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំនិងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(ONLINE SCAMS) នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងនាព្រឹកថ្ងៃទី១១មិថុនានេះ។
លោកស្រីបន្តថា៖តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពល្បែងស៊ីសងតាមប្រព័ន្ធអនឡាញក្លែងក្លាយ។
លោកស្រីដោ សម្ផស្សបញ្ជាក់ទៀតថា៖ជាមួយគ្នានេះដែរ ក្រុមការងារក៏បានពិនិត្យឃើញមានទីតាំងប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់ចំនួន ១ករណី ស្ថិតនៅផ្ទះសំណាក់ រីលែក្ស (បន្ទប់លេខ៣០៥ នៃជាន់ទី៣ និងបន្ទប់៤០៥ នៃជាន់ទី៤) មានអាសយដ្ឋានផ្ទះលេខ៦៤ ផ្លូវលេខ១២៥ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយបានឃាត់ខ្លួនជនសង្ស័យជនជាតិឥណ្ឌូនេស៊ីចំនួន ៦នាក់ (ប្រុស) ព្រមទាំងដកហូតសម្ភារៈរួមមាន៖ ទូរស័ព្ទ ៤៣គ្រឿង, កុំព្យូទ័រយួរដៃ ៤គ្រឿង និងម៉ូនីទ័រ ១គ្រឿង។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
លោកស្រីអ្នកនាំពាក្យបន្ថែមទៀតថាក្នុងថ្ងៃដដែលនោះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន ២ទីតាំង មនុស្សចំនួន ៤នាក់ គិតជាថវិកាសរុបបានចំនួន ១៦.០០០.០០០រៀល (ដប់ប្រាំមួយលានរៀល)៕
