ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួន៣សហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ចចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកសាច់បង្កកជាផលឹតផលរបស់ប្រទេសថៃ

29

ភ្នំពេញ៖នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង បានចុះពិនិត្យទីតាំងឃ្លាំងយីហោ «ភុត ប៊ុន ហម» ស្ថិតនៅក្នុងភូមិឆ្លក សង្កាត់គោករកា ដែលសង្ស័យមាននាំចូល និងស្តុកបង្កកពីប្រទេសថៃ។

នេះ​បេីតាម​ការ​ឱ្យ​ដឹង​ពី​លោកស្រី​អ្នកនាំពាក្យ​រដ្ឋបាលរាជធានីភ្នំពេញ​នាព្រឹកថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ​២០២៦នេះ​។ 

ក្នុង​ប្រតិបត្តិការ​ចុះត្រួត​ពិនិត្យ​នេះ​ ក្រុមការងារចំរុះ​បានរកឃេីញ​៖​ ១. មានលិខិតអនុញ្ញាតអាជីវកម្ម និងប័ណ្ណពន្ធប៉ាតង់ ឆ្នាំ២០២៥

២. ផលិតផលក្នុងស្រុក៖ ប្រហិតមាន់ ប្រហិតសាច់គោ ហតដកច្រើនប្រភេទ ណែមមីសួរ សាច់ជ្រូកចង្កាក់ និងឆ្អឹងខ្ចីទ្រូងមាន់។

៣. ផលិតផលសរសៃកែងមាន់បង្កកសរុប ៦៤២ដុំតូចមានដាក់អក្សរ THAILAND ចំនួន១៣៧ ដុំតូច មានអក្សរថៃចំនួន ៧៨ ដុំតូច និងផលិតផលដែលគ្មានអក្សរបញ្ជាក់ប្រភពចំនួន ៤២៧ ដុំតូច។ 

ក្រោយ​ចប់​ប្រតិបត្តិការ​ ម្ចាស់ទីតាំងខាងលើត្រូវបាននាំខ្លួនទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជុំវិញការនាំចូលផលិតផលទាំងនេះ​ ​និង​ស្វែង​រក​អ្នក​ពាក់ព័ន្ធ។ រីឯទីតាំងឃ្លាំង ក្រុមការងារសម្រេចបិទបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់។

លោកស្រី​អ្នកនាំពាក្យ​ក៏បាន​បន្តទៀត​ថា​ ក្នុងថ្ងៃដដែលនេះដែរ រដ្ឋបាលខណ្ឌឫស្សីកែវ ដោយមានការចូលរួមសហការពីលោកស្រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ ក.ប.ប រាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យទីតាំងឃ្លាំងសាច់បង្កកចំនួន ៣ទីតាំង ដែលសង្ស័យពាក់ព័ន្ធករណីនាំចូល ស្តុកទុក និងចែកចាយផលិតផលសាច់បង្កកជាផលិលតផលរបស់ប្រទេសថៃ រួមមាន៖ ១. ទីតាំងស្ថិតនៅផ្លូវ៥៩៨ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ២. ទីតាំងស្ថិតនៅផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ២ និងទី៣. ឃ្លាំងទំនិង ISR (ចែទូច) ស្ថិតនៅផ្លូវលំ ភូមិទី៤ សង្កាត់ច្រាំងចំរេះទី១។ ចំពោះទីតាំង៣ នេះ កម្លាំងចំរុះបានចុះពិនិត្យមិនឃើញមានករណីទំនិញបង្កកដែលនាំចូលមកពីប្រទេសថៃឡើយ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌឫស្សីកែវ បានថ្លែងអំណរគុណចំពោះម្ចាស់ទីតាំងដែលបានផ្តល់ការសហការល្អសម្រាប់ក្រុមការងារចំរុះចុះត្រួតពិនិត្យ ហើយបានសន្យាថាមិនមានការទទួលយកទំនិញនាំចូលមកពីប្រទេសថៃ មកបង្កកទុកនៅទីតាំងឃ្លាំងនេះឡើយ។

ដោយឡែកនៅខណ្ឌសែនសុខវិញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយកម្លាំងជំនាញចំរុះបានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងរបស់ក្រុមហ៊ុន FWI ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌ​សែនសុខ​ បន្ទាប់ពីមានការសង្ស័យថាមានការស្តុកសាច់បង្កកនាំចូលពីប្រទេសថៃ។

ក្រោយពីបានធ្វើការពិនិត្យ និងធ្វើតេស្ថវិភាគ របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង (ក.ប.ប)​ និងសាខាគយ និងរដ្ឋាករខណ្ឌសែនសុខ បានរកឃើញមានការស្តុកទំនិញចំនួន ០៩ប្រទេស រួមមាន៖ ចិន ប្រេសុីល សហរដ្ឋអាមេរិច ឥណ្ឌា ហ៊ូឡង់ តៃវ៉ាន់ អូស្ត្រាលី អុីតីអូព្យា និងកម្ពុជា។ ក្នុងចំណោមមុខទំនិញ និងសាច់បង្កកទាំអស់ ក្រុមការងារមិនបានរកឃើញមុខទំនិញណានាំចូលពីប្រទសថៃឡើយ។

ជាមួយ​គ្នា​នេះ​ លោកស្រី​អ្នកនាំពាក្យបាន​បញ្ជាក់​បន្ថែមទៀត​ថា​  ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ និង​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​លោក​ លោកស្រី​ អភិបាល​ខណ្ឌ​ទាំង​១៤​ ត្រូវ​បន្ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំងស្តុក​ទំនិញ​ ឬ​ផលិតផល​បង្កក​ នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លូន​ ដែល​សង្ស័យ​អាចមាន​ប្រភព​នាំចូល​ពី​ប្រទេស​ថៃ​ឱ្យ​បាន​ម៉ត់ចត់​ ក្នុង​ករណី​រកឃើញ​ ត្រូវ​សួរនាំ​ឱ្យ​បាន​លម្អិត​ថា​អ្នកណា​ជា​អ្នកនាំចូល​? ចូល​តាម​ច្រក​ណា? ខេត្ត​ណា? មាន​អជ្ញាបណ្ណនាំចូលឬ​ទេ? ហើយ​អ្នកណា​ជាអ្នក​ដឹក​ជញ្ជូន​?។ ឯកឧត្ដម​អភិបាល​បាន​បន្តថា​​កិច្ចការ​ទាំង​អស់​នេះ​ រដ្ឋបាល​ខណ្ឌ​ទាំង​១៤​ ត្រូវ​តែ​បន្តត្រួតពិនិត្យ​ព្រមៗគ្នា​ជាមួយ​នឹង​ការងារ​ចុះប្រតិបត្តិការ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) ដោយ​មិនត្រូវ​រាថយ​ដាច់​ខាត​៕

អត្ថបទដែលជាប់ទាក់ទង